(ស្វាយរៀង)៖ អនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើការបង្ក្រាបក្រុមទំនើងនៅតាមមូលដ្ឋាន, ជនសង្ស័យម្នាក់ជាក្មេងទំនើងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនដាក់ក្នុងពន្ធនាគារខេត្ត រួចហើយពាក់ព័ន្ធនឹងករណីបង្ហោះវីដេអូតាមបណ្ដាញសង្គមមានកាំបិតគំរាមអ្នកដទៃ។

សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក មាស ធួក អធិការនៃអធិការដ្ឋាននគរបាលស្រុករំដួល បានដឹកនាំកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករំដួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កំពង់អំពិល បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើង១នាក់ ឈ្មោះ អាន ផាន់ណា អាយុ១៦ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដែលបានថតវីដេអូ និងបង្ហោះតាមបណ្តាញសង្គម និងបានផ្ញើរសារវីដេអូគំរាមអ្នកដទៃមានទាំងកាំបិត។ 

សមត្ថកិច្ចបានបន្តថា វត្ថុតាងដកហូតរួមមាន កាំបិត២ដើម និងទូរស័ព្ទដៃ១គ្រឿង។ នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងនេះ បានឆ្លើយសារភាពថា ខ្លួន ពិតជាបានថត និងផ្ញើរវីដេអូទៅអ្នកដ៏ទៃមានទាំងកាំបិត ពិតប្រាកដមែន៕