(កោះកុង)៖ ដីចំណីមាត់ព្រែកស្ថិតនៅចំណុចពយទី ភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បាននិងកំពុងត្រូវបានគេចាក់អាចម៍ដីរំលោភបំពានយកធ្វើជាកម្មសិទ្ធិយ៉ាងណាអនាធិបតេយ្យ។

តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ដែលផ្តល់ជូនភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា សកម្មភាពរថយន្តដឹកអាចម៍ដីជាច្រើនគ្រឿង បានបន្តដឹកបន្តកន្ទុយគ្នាចាក់ចូលចំណីព្រែកចំណុច ពយទីក្រោមរូបភាពបិទបាំងលាក់លៀម បន្តិចម្តងៗដោយគ្មានច្បាប់អនុញ្ញាតណាមួយពីក្រុមអាជ្ញាធរ ឬមន្រ្តីជំនាញមូលដ្ឋានសោះឡើយ។

ពលរដ្ឋបានបង្ហើបថា រាល់សកម្មភាពដឹកដីចាក់លុបចំណីព្រែកសមុទ្រនេះ ធ្លាប់កើតឡើងកំឡុងចុងឆ្នាំ២០២៤ម្តងដែរហើយ ប៉ុន្តែត្រូវបានស្ងាត់ទៅវិញ លុះដល់ប៉ុន្មានថ្ងៃនេះគេសង្កេតឃើញងើបសកម្មភាពជាថ្មីទាំងបំពាន យ៉ាងអនាធិបតេយ្យ។

បើតាមការសង្កេតពីប្រភពរបស់ពលរដ្ឋ, ក្រុមគ្រឿងចក្របានចាក់ដី១ឡានភ្លាម គ្រឿងចក្ររុញដីឲ្យរាបស្មើភ្លាមៗចូឡទៅចំណីព្រែកហាក់បីដូចជាសម្រុកខ្លាំង ដើម្បីឱ្យទាន់ផែនការចង់បានដីចំណីព្រែកយកមកធ្វើជាកម្មសិទ្ធិ របស់ពួកខ្លួន។ ករណីលបលួចចាក់ដីចូលព្រែកសមុទ្រ ធ្វើឡើងក្នុងដីកន្លែងដែលមានរបងបាំងជិតឈឹងមិនអាចមាននរណាដឹងងាយឡើយថាតើពួកគេកំពុងធ្វើអ្វី សូម្បីតែអាជ្ញាធរមូលដ្ឋាននៅក្បែរទីនោះ។

លោក ថន ឃិន មេបញ្ជាការសឹករងស្រុកស្រែអំបិល បានបដិសេធយ៉ាងខ្លីថា ទីតាំងដីដែលកំពុងមានការចាក់ដីខាងលើ ពុំមែនជាដីកម្មសិទ្ធិរបស់លោកនោះទេ ពោលកាលមុននោះម្ចាស់គេនៅអាមេរិក ឥឡូវឈ្មោះ តាម៉ាប់ ដែលជួលកូនគាត់ឱ្យដឹកចាក់បំពេញដីក្នុងដែនគ្រប់គ្រងខ្លួន។ រថយន្ត និងគ្រឿងចក្រ ពិតជាកម្មសិទ្ធិរបស់កូនប្រុសលោកប្រាកដមែន ដោយមានមនុស្ស១ម្នាក់មើលការខុសត្រូវលើដីនេះ។

លោក ថន ឃិន បានបន្តថា កូនរបស់លោកដែលស៊ីឈ្នួញដឹកអាចម៍ដីឲ្យគេ គឺដឹងតែដឹកជញ្ជូនបំពេញទីតាំងដីធ្លីដែលកំពុងមានការចុះផ្សាយព័ត៌មានមួយចំនួនប៉ុណ្ណោះ។ ជាក់ស្តែងទើបតែចាក់ដីបានជាង១០០ឡាន និងចូលចំណីព្រែកប្រហែសជា១០ឡានបន្តិចបន្តួចទេ។

តាមការបកស្រាយរបស់លោក សុផល ហៅម៉ាប់ ដែលជាអ្នកមើលការខុសត្រូវទីតាំងទំនាស់នេះ បានថ្លែងថា លោកចាក់ដីដែលលោកបានទិញពីម្ចាស់មុន គ្រោងធ្វើជារីស៊តទៅថ្ងៃមុខ។ ករណីអាជ្ញាធរ និងមន្រ្តីជំនាញ រកឃើញថា ពិតជាចាក់ដីបំពានចំណីព្រែកប្រាកដមែន គឺលោកសុំចិត្តជីកកាយឡើងវិញ។

ដើម្បីស្មើភាពយុត្តិធម៌ដូចគ្នា លោកស្នើសុំឱ្យជីកកាយទាំងអស់គ្នាព្រោះថា ទីតាំងដីនៅក្បែរលោកមួយចំនួនសុទ្ធតែមានការលួចចាក់ដីចូលចំណីច្រើនជាងពួកគាត់ទៅទៀត ហេតុអីមិនឃើញមានអាជ្ញាធរ ឬមន្រ្តីជំនាញណាមួយមកហាមឃាត់ផ្អាកសកម្មភាពសោះឡើយ។

ចំណែកលោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយ ប្រាប់ដែរថា ទីតាំងខាងលើ ត្រូវបានផ្អាកសកម្មភាពជាបន្ទាន់មួយជំហានហើយ ក្រោយមានបទបញ្ជាពីលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល។ សម្រាប់ថ្ងៃទី៦ ខែមករា ក្រុមមន្រ្តីជំនាញ និងអាជ្ញាធរបន្តវាយតម្លៃពីផលប៉ះពាល់ជាក់ស្តែងលម្អិត តើអាជ្ញាធរមានវិធានការយ៉ាងណាចំពោះករណី១នេះ៕