(កណ្ដាល)៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល សហការជាមួយអាវុធហត្ថ៣រាជធានី-ខេត្ត នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ បានបង្ក្រាបជនសង្ស័យករណីឃាតកម្មនៅក្រុងអរិយក្សត្របាន ២នាក់ រកឃើញថ្នាំញៀន៣គីឡូក្រាម និងបុរសម្នាក់ទៀត ករណីជួញដូរថ្នាំញៀន៤គីឡូក្រាម សរុបបង្ក្រាបថ្នាំញៀន ចំនួន៧គីឡូក្រាម។
លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ករណីនេះកម្លាំងជំនាញបានខិតខំប្រឹងប្រែង ដោយសហការគ្នាល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ ទើបឈានដល់ការបំបែកសុំណុំរឿងបាន ហើយនៅតែបន្តតាមចាប់បក្ខពួកថែមទៀត ដើម្បីរកសេចក្ដីជូនពលរដ្ឋ និងប្ដេជ្ញាបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ធានាសុវត្ថិភាពសង្គមឲ្យបានល្អបំផុត ខណៈដែលកម្លាំងអាវុធហត្ថតែងតែយាមល្បាតទាំងយប់ ទាំងថ្ងៃ នៅគ្រប់ទីតាំង។
លោកបានអះអាងថា ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងត្រូវបានចាត់ការតាមនីតិវិធីនៅតុលាការខេត្តកណ្ដាលរួចរាល់៕