(តាកែវ)៖ ព្រះភិក្ខុ ទន ចិត្រ្តា ជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូច ហើយបានមកជ្រកក្រោមព្រះពុទ្ធសាសនា នៅព្រះជន្ម ២៣ព្រះវស្សា បច្ចុប្បន្នព្រះភិក្ខុមានព្រះជន្ម ២៦ព្រះវស្សា ហើយនិងមានអាពាធជាប់ខ្លួន គឺជំងឺទឹកនោមប្រៃ ដល់ដំណាក់កាលត្រូវដូរក្រលៀន និងតម្រូវឱ្យលាងឈាមជាប្រចាំដើម្បីរស់រានមានជីវិត។
ដោយសារតែអាពាធគ្មានទីពឹង គ្មានភាពកក់ក្ដៅ រងារឯកា ហើយមិនមានថវិកាគ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺ ជាកត្ដាជំរុញឱ្យព្រះភិក្ខុគិតអ្វីមិនចេញ ក៏ឈានទៅដល់ការធ្វើអត្ដឃាតរហូតដល់ទៅ ៤លើក តែមិនបានសម្រេច។ព្រះភិក្ខុបានសង្ឃដិកាបន្ថែមថា «ញោម (ឪពុកម្ដាយ) អាត្មាលាចាកលោកចោលអាត្មាហើយ មានតែប្អូនស្រីអាត្មាម្នាក់តែគាត់មានគ្រួសារហើយ ។ចំណែកអាត្មាបានមកជ្រកក្រោមព្រះពុទ្ធសាសនា ជាង២ព្រះវស្សាមកហើយ បច្ចុប្បន្នក៏ មកមានបញ្ហាសុខភាពបន្ថែមទៀត ដែលជាជំងឺដ៏កាចសាហាវមួយនេះត្រូវការបច្ច័យ និងអ្នកមើលថែ ដូចនេះបានធ្វើឱ្យអាត្មាបាក់ទឹកចិត្ដ និងអស់សង្ឃឹម លែងចង់រស់តទៅទៀត ហើយក៏បានសម្រេចចិត្ដ ធ្វើអត្ដឃាតខ្លួនឯងជាច្រើនលើកច្រើនសារ»។
ព្រះភិក្ខុ ទន ចិត្ដ្រា បានសង្ឃដិកាទៀតថា «តែនៅពេលនេះ ក្រោមការគិតគូរមិនរំលង ពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគេនបច្ច័យចំនួន ៥ម៉ឺនដុល្លារ សម្រាប់ព្យាបាលជំងឺ (ដូចក្រលៀន)។ ការជួយសណ្ដោសប្រណីមេត្ដាករុណារបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានធ្វើឱ្យព្រះភិក្ខុមានក្ដីសង្ឃឹម និងដូចជាការប្រោសជីវិតឱ្យរស់ឡើងវិញដូច្នេះដែរ»។
ក្នុងឱកាសនោះដែរ ព្រះគ្រូចៅអធិការវត្ត អង្គប្រាសាទ សទ្ធាឧត្តម ព្រះនាម ជោតិញ្ញាណោ ឃិន សុវណ្ណ បានមានសង្ឃដិកាបញ្ជាក់ពីស្ថានភាពសុខភាពរបស់ព្រះភិក្ខុ ទន ចិត្ដ្រា ថា នៅពេលដែលជំងឺធ្វើទុក្ខម្ដងៗ ព្រះកាយរបស់លោកពិបាកទ្រាំណាស់ ដែលធ្វើឱ្យព្រះគុណម្ចាស់ មិនដែលចង់រស់ទេ ពេលខ្លះសម្រេចព្រះទ័យថានឹងចងក ពេលខ្លះក៏ទៅលោតទឹក បញ្ចប់ជីវិតរបស់លោក តែក្រោមការដាស់តឿនណែនាំ និងយកព្រះធម៌ដាក់ក្នុងខ្លួន ទើបលោកដកចិត្ដសម្រួលតាមកម្មផលវិញ ហើយលែងកើតព្រះទ័យចង់បញ្ចប់ជីវិតខ្លួន។ ពេលនោះហើយទើបធ្វើការអំពាវនាវដល់សប្បុរសជន ជួយ តែក៏គ្មានសង្ឃឹមថានឹងមានបច្ច័យគ្រប់គ្រាន់សម្រាប់ព្យាបាលដែល ព្រោះត្រូវការចំណាយច្រើនណាស់រហូតដល់ម៉ឺនដុល្លារ តែមិននឹកស្មានថា ការអំពាវនាវនេះ បានជ្រាបទៅដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ហើយបានផ្ដល់ដំណឹងមកវិញថា នឹងប្រគេនបច្ច័យសម្រាប់ធ្វើការវះកាត់ក្រលៀន ដូច្នេះហើយនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំតំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បាននាំយកនូវបច្ច័យរបស់សម្ដេច មកប្រគេនដល់ព្រះភិក្ខុ ទន ចិត្ដ្រា ដោយផ្ទាល់នៅវត្ដអង្គប្រាសាទសទ្ធាឧត្ដម ដែលធ្វើឱ្យព្រះភិក្ខុ ក៏ដូចជាព្រះចៅអធិការវត្ដ និងពុទ្ធបរិស័ទនៅនីនេះ ពិតជារំភើបត្រេកអរជាខ្លាំង «ត្បិតណាស់ថា ជំងឺជាសេចក្ដីទុក្ខ តែការជួយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត គឺបានផ្លាស់ប្ដូរសេចក្ដីទុក្ខ បែរមកជាជួបសុខទៅវិញ»។
ជាមួយគ្នានោះព្រះគ្រូចៅអធិការវត្ត អង្គប្រាសាទ សទ្ធាឧត្តម និងព្រះភិក្ខុ ទន ចិត្ដ្រា បានសម្ដែងនូវការដឹងគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការជួយសង្គ្រោះរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
តាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា ដោយមានការចាត់តាំង ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោកស្រីបានយកនូវថវិកាមកឧបត្ថម្ភដល់ព្រះភិក្ខុ ទន ចិត្ត្រា ដែលមានបញ្ហាសុខភាព ដោយសារជំងឺទឹកនោមប្រៃ ដំណាក់កាលធ្ងន់ធ្ងរត្រូវដូរក្រលៀន ដែលតម្រូវឱ្យលាងឈាមក្នុងរយៈពេល៣ថ្ងៃម្ដង ឬក្នុងមួយសប្ដាហ៍ពីរដង តាមស្ថានភាពជំងឺរបស់ព្រះភិក្ខុ។
ការប្រគល់បច្ច័យនេះ ដោយសារតែសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ទទួលបានព័ត៌មានពីបណ្ដាញសង្គម ក៏ដូចជាតាមរយៈសប្បុរសជន មានទាំងព្រះសង្ឃផងដែរនោះ ដែលបានអំពាវនាវ អំពីតម្រូវថវិកា ដើម្បីផ្លាស់ប្ដូរក្រលៀន ជូនព្រះភិក្ខុ ទន ចិត្រ្ដា។ដូច្នេះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានយល់ឃើញថា តម្រូវការថវិកាសម្រាប់ព្យាបាលជំងឺរបស់ព្រះភិក្ខុ ទន ចិត្រ្ដា គឺមានទំហំធំ ហើយព្រះគុណម្ចាស់ក៏ជាក្មេងកំព្រា ពុំមានទីពឹង ទើបសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត បានសម្រេចឧបត្ថម្ភនូវថវិកាដល់ព្រះភិក្ខុ ដោយប្រគេនបច្ច័យចំនួន ៥ម៉ឺនដុល្លារ។
ក្នុងឱកាសលោកស្រី ម៉ែន នារីសោភ័គ បាននាំយកបច្ច័យ និងទេយ្យទានមួយចំនួនប្រគេនព្រះសង្ឃ ដែលគង់ក្នុងវត្តខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក វ៉ី សំណាង ដែលក្នុងនាមអភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកបានប្រគេនបច្ច័យចំនួន ១ម៉ឺនដុល្លារ ដល់ព្រះអង្គ ទន ចិត្រ្តា, ក្នុងនោះតំណាងរដ្ឋបាលខេត្តតាកែវ ក៏បានប្រគេនបច្ច័យចំនួន ១ម៉ឺនដុល្លារ ហើយមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចូលបច្ច័យចំនួន ១០លានរៀល និងសប្បុរជនអមដំណើរ ក៏បានចូលបច្ច័យចំនួន ៨៥ម៉ឺនរៀលផងដែរ ប្រគេនដល់ព្រះអង្គ ទន ចិត្រ្តា។
លើសពីនោះសម្រាប់ការលាងឈាមជាប្រចាំ ដែលធ្វើឡើងនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត គឺឥតគិតថ្លៃនោះទេ ក្រោមការជួយជ្រោមជ្រែងពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA)។
ដូច្នេះក្រោមការយកចិត្ដទុកដាក់ខ្ពស់ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត រួមសប្បុរសជន ព្រះភិក្ខុ ទន ចិត្ដ្រា គឺអាចមានលទ្ធភាពដូរក្រលៀនបាន ដែលនឹងធ្វើការដំណើរទៅវះកាត់នៅដើមខែកុម្ភៈខាងមុខនេះ នៅប្រទេសឥណ្ឌា។
សូមជម្រាបថា ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រី ម៉ែន នារីសោភ័គ នាំយកបច្ច័យប្រគេនព្រះភិក្ខុ ទន ចិត្ដ្រា ដែលកំពុងគង់នៅវត្ដអង្គប្រាសាទសទ្ធាឧត្ដម ក្នុងនោះក៏បាននាំយកនូវទេយ្យទានមួយចំនួនទៀត វេរប្រគេនដល់ព្រះសង្ឃដែលគង់ក្នុងវត្តខាងលើនេះ ដែលរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, អង្ករសុខភាព ២កេស, ត្រីងៀត-សាច់ក្រក ១កន្ត្រក និងបច្ច័យ ចំនួន ៥០ម៉ឺនរៀល។ ប្រគេនព្រះភិក្ខុ ៣អង្គ ក្នុង១អង្គៗ បច្ច័យ ១០ម៉ឺនរៀល។ ប្រគេនសាមណេរ ១០អង្គ ក្នុង១អង្គៗ បច្ច័យ ៥ម៉ឺនរៀល រួមទាំងជូនថវិកាមួយចំនួន ដល់លោកតា លោកយាយ អ៊ុំ ពូ មីង ដែលជាពុទ្ធបរិស័ទ និងកុមារា កុមារីផងដែរ៕