(ភ្នំពេញ)៖ មានមនុស្សមិនច្រើនប៉ុន្មានទេ ដែលបានស្គាល់ ដឹង និងតាមដានការព្យាករណ៍របស់នាឡិកា Doomsday Clock។ Doomsday Clock គឺជានិមិត្តសញ្ញា ដែលតំណាងឱ្យលទ្ធផលនៃគ្រោះមហន្តរាយជាសកល ដែលមនុស្សលោក គឺជាអ្នកកសាងដោយផ្ទាល់។
ហេតុអ្វីបានជាពិភពលោកជឿលើការព្យាករណ៍របស់នាឡិកា Doomsday Clock? Fresh Exclusive មានអត្ថបទស្រាវជ្រាវជុំវិញបញ្ហានេះ...
នៅថ្ងៃទី២៤ មករា ខាងមុខនេះ គឺជាថ្ងៃដែលប្រជាជនក្នុងពិភពលោកតែងចង់ដឹងថា តើវាសនារបស់ផែនដី ដែលមានមនុស្សរស់នៅប្រមាណជាង៨ពាន់លាន់នាក់ក្នុងឆ្នាំ២០២៥នេះ នឹងប្រឈមហានិភ័យអ្វីខ្លះ? នាឡិកា Doomsday Clock របស់អង្គការ «ព្រឹត្តិប័ត្ររបស់ក្រុមវិទ្យាសាស្ត្រអាតូមិក» Bulletin of the Atomic Scientists គឺជាឧបករណ៍ ក្នុងការតាមដាននិងវាយតម្លៃអំពីពេលវេលានៃទីអវសាន្តពិភពលោកនេះ។
• អ្វីជាDoomsday Clock?
Doomsday Clock ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៧ និងថែរក្សាទុកដោយអង្គការ «ព្រឹត្តិប័ត្ររបស់ក្រុមវិទ្យាសាស្ត្រអាតូមិក» Bulletin of the Atomic Scientists។ នាឡិកា Doomsday Clock ឬនាឡិកាថ្ងៃទន្សាពិភពលោក គឺជាឧបករណ៍ដើម្បីតាមដាននិងវាយតម្លៃអំពីពេលវេលានៃទីអវសាន្តពិភពលោក និងជាការផ្តួចផ្តើមគំនិតរបស់សាស្ត្រាចារ្យ Albert Einstein, សាស្ត្រាចារ្យ J. Robert Oppenheimer និងអ្នកវិទ្យាសាស្ត្រដទៃទៀត តាំងពីឆ្នាំ១៩៤៥ ដើម្បីជាសញ្ញាដាស់តឿន ក៏ដូចជាការព្រមានប្រាប់ពិភពលោកឱ្យដឹងជាមុននូវគ្រោះថ្នាក់ដែលធ្វើឱ្យភពផែនដីវិនាស ដោយសារតែទង្វើរបស់មនុស្សខ្លួនឯងលើភពផែនដីនេះ។
អង្គការព្រឹត្តិប័ត្ររបស់ក្រុមវិទ្យាសាស្ត្រអាតូមិកនេះ មានមូលដ្ឋាននៅក្នុងទីក្រុង Chicago នៃរដ្ឋ Illinois សហរដ្ឋអាមេរិក។ សមាសភាពក្នុងអង្គការនេះ រួមមានក្រុមប្រឹក្សាអ្នកឧបត្ថម្ភ និងក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងសន្តិសុខ គិតត្រឹមខែតុលា ឆ្នាំ២០១៨ រួមមានអ្នកធ្លាប់ទទួលពានរង្វាន់ណូបែលចំនួន១៤នាក់។ បច្ចុប្បន្នអង្គការនៃព្រឹត្តិប័ត្ររបស់ក្រុមវិទ្យាសាស្ត្រអាតូមិកដឹកនាំដោយលោក Daniel Holz។
ជារៀងរាល់ឆ្នាំគឺនៅថ្ងៃទី២៤ មករា ក្រុមអ្នកវិទ្យាសាស្ត្រតែងធ្វើការសម្រេចការបង្វិលនាទីទ្រនិចនាឡិកា Doomsday Clock នេះ ដើម្បីបង្ហាញប្រាប់ពិភពលោកថាតើពិភពលោកកំពុងស្ថិត ក្នុងគម្លាតប៉ុណ្ណាពីទីអវសានរបស់ខ្លួន។
គ្រោះមហន្តរាយពិភពលោក គឺជាសម្មតិកម្មមួយ ដែលត្រូវបានគេតំណាងដោយទ្រនិចចង្អុលចំពាក់កណ្តាលអាធ្រាត្រនៅលើនាឡិកាមួយ ជាមួយនឹងការវាយតម្លៃរបស់ក្រុមអ្នកប្រាជ្ញ ដោយផ្អែកលើហានិភ័យទាំងឡាយ ដែលមនុស្សក្នុងពិភពលោកបាននិងកំពុងប្រឈម ដូចជាហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែ័រ, ជំងឺអាសន្នរាតត្បាត និងកត្តាប្រែប្រួលអាកាសធាតុជាដើម។
Doomsday Clock ចាប់តាំងពីថ្ងៃបង្កើតដំបូងក្នុងឆ្នាំ១៩៤៧ គេបានកំណត់រយៈពេល៧នាទី មុននឹងដល់ពាក់កណ្តាលអាធ្រាត្រ ឬនាទីនៃអវសានរបស់ពិភពលោក។ ប៉ុន្តែនាទីនោះកាន់តែបង្វិលថយក្រោយក្បែរទៅរកជ្រោះមរណៈរបស់ពិភពលោក។ ក្នុងរយៈពេល៧៧ឆ្នាំ ចុងក្រោយរួចមកនេះ រហូតមកទល់នឹងឆ្នាំ២០២៤, ទ្រនិចរបស់វាជួនកាលត្រូវបានគេមួលថយក្រោយ ឬជួនកាលមួលទៅមុខ អាស្រ័យដោយការវាយតម្លៃលើហានិភ័យដែលប្រឈមនឹងគ្រោះមហន្តរាយរៀងរាល់ឆ្នាំ។
បើសិនជាការព្យាករណ៍វាយតម្លៃរបស់ក្រុមអ្នកវិទ្យាសាស្ត្របង្ហាញថា ពិភពលោកនឹងអាចប្រឈមនូវហានិភ័យនៃគ្រោះថ្នាក់អ្វីមួយ ដោយសារតែទង្វើរបស់មនុស្ស ទ្រនិចនឹងត្រូវបានគេមួលថយក្រោយតិច ឬច្រើន តាមទំហំវាយតម្លៃនៃស្ថានភាពប្រឈម។ ការវាយតម្លៃរបស់ព្រឹត្តិប័ត្រនៃក្រុមវិទ្យាសាស្ត្រអាតូមិក ត្រូវគេចាត់ទុកថា គឺជាការវាយតម្លៃមួយដែលពិភពលោកតែងកោតគោរព ដោយសារការព្យាករណ៍បានផ្អែកជាខ្លាំងលើតថភាពវិទ្យាសាស្ត្រ និងការពិតដែលបាននិងកំពុងកើតឡើងលើលោកយើងនេះ។
កត្តាសំខាន់បំផុត ដែលនាឡិកា Doomsday Clock វាយតម្លៃអំពីការប្រមើលជុំវិញគ្រោះថ្នាក់របស់ពិភពលោកនោះ គឺហានិភ័យនុយក្លេអ៊េ័រ និងកត្តាប្រែប្រួលអាកាសធាតុ ដែលបង្កនូវគ្រោះមហន្តរាយទឹកជំនន់ គ្រោះរាំងស្ងួត និងជំងឺដង្កាត់នានា។
ក្នុងឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២, ទ្រនិចនាឡិកា Doomsday Clock បានកំណត់រយៈពេល១០០វិនាទី មុនដល់ពាក់កណ្តាលអាធ្រាត្រ ប៉ុន្តែឈានចូលឆ្នាំ២០២៣ គឺនៅក្នុងខែមករា ទ្រនិចបានមួលបង្ខិតមក៩០វិនាទី ខណៈក្តីបារម្ភបានកើតឡើងជុំវិញសង្គ្រាមនុយក្លេអ៊ែ័រ និងបន្តមកដល់ខែមករា ឆ្នាំ២០២៤ ទ្រនិចនាទីនេះនៅរក្សា៩០វិនាទីមុនដល់ពាក់កណ្តាលអាធ្រាត្រជាដដែល។
នៅថ្ងៃទី២៤មករាឆ្នាំ២០២៥ខាងមុខនេះ ខណៈដែលសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលបារម្ភដល់ហានិភ័យសង្គ្រាមនុយក្លេអ៊ែរ នៅមិនទាន់ច្បាស់លាស់ថាតើនឹងអាចក្លាយជាយ៉ាងណា និងសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា នៅតែមិនទាន់បង្ហាញអនាគតច្បាស់លាស់ និងការកើនឡើងកម្តៅផែនដី មិនព្រមស្រកស្រុតចុះនោះ ម្នាក់ៗកំពុងតែទន្ទឹងរង់ចាំមើលថាតើទ្រនិចនាឡិកា Doomsday Clock នឹងមួលថយក្រោយ ឬមួលទៅមុខ ឬនៅរក្សា៩០វិនាទីដដែលរបស់ខ្លួន?
• កត្តាប៉ះពាល់ដែលនាំឱ្យមានការព្យាករណ៍របស់នាឡិកា Doomsday ក្នុងឆ្នាំ២០២៥
ក្នុងឆ្នាំ២០២៥នេះ ភាពតានតឹងភូមិសាស្ត្រនយោបាយ គឺជាចំណុចអាទិភាពមួយដែលនឹងក្លាយជាចំណុចស្នូលនៃការវាយតម្លៃអំពីគ្រោះហានិភ័យរបស់សកលលោក ជាពិសេសសង្គ្រាមដែលកំពុងកើតឡើងក្នុងប្រទេសអ៊ុយក្រែន និងឥទ្ធិពលសកលនៃសង្គ្រាមនេះ ជាពិសេសភាពទាក់ទងគ្នារវាងអង្គការណាតូ រុស្ស៊ី និងអាមេរិក។ ក្រៅពីនោះ នៅមានភាពតានតឹងដែលកើនឡើង នៅក្នុងទំនាក់ទំនងចិន-តៃវ៉ាន់ និងជម្លោះដែលអាចកើតមាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ការកើនឡើងនៃវោហាសាស្ត្រនុយក្លេអ៊ែរ ឬការរីកសាយភាយអាវុធ ប្រល័យលោកដោយប្រទេសមួយចំនួនដូចជាកូរ៉េខាងជើង ឬអ៊ីរ៉ង់ជាដើម។
វិបត្តិអាកាសធាតុ ក៏ជាបញ្ហាសំខាន់គួរឱ្យយកចិត្តទុកដាក់ផងដែរ។ ការបន្តឡើងនូវកំដៅផែនដី ភាពមិនរីកចម្រើនរបស់អន្តរជាតិលើគោលដៅកាត់បន្ថយការកើនកម្តៅរបស់ពិភពលោក ក៏ជាហានិភ័យមួយ ដែលនឹងអាចទាញឱ្យទ្រនិចនាឡិកា Doomsday Clock វិលថយក្រោយក្បែរថ្ងៃទន្សាចុងក្រោយរបស់ពិភពលោកផងដែរ។
ក្រៅពីវិបត្តិទាំងនេះ ហានិភ័យបច្ចេកវិទ្យាក៏បានកើតឡើងថែមទៀត។ ហានិភ័យកើនឡើងដែលទាក់ទងនឹងការអភិវឌ្ឍ AI និងការប្រើប្រាស់ខុសសក្តានុពលរបស់វានៅក្នុងសង្គ្រាម ឬអស្ថិរភាពនៃសណ្តាប់ធ្នាប់ពិភពលោក ភាពងាយរងគ្រោះនៃសុវត្ថិភាពអ៊ីនធឺណិត និងការវាយប្រហារ Cyberattacks លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ជាកត្តាដែលអាចទាញទ្រនិចនាឡិកា Doomsday Clock ដើរថយក្រោយផងដែរ។
នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ ទ្រនិចនាឡិកា Doomsday Clock ត្រូវបានកំណត់នៅ៩០វិនាទី ដល់ពាក់កណ្តាលអធ្រាត្រ ដែលក្បែរចំណុចសូន្យ និងជិតបំផុតដែលមិនធ្លាប់មាន។ ដូច្នេះបើសិនជាទ្រនិចនាឡិកា Doomsday Clock នឹងផ្លាស់ទីកាន់តែដើរថយក្រោយទៀតនោះមានន័យថា ជម្លោះអ៊ុយក្រែននិងរុស្ស៊ី នឹងកាន់តែតានតឹង ឬនឹងមានវិបត្តិថ្មីកើតឡើងដូចជា បញ្ហាតៃវ៉ាន់ ឬបញ្ហាសង្គ្រាមអ៊ីស្រាអែល និងអ៊ីរ៉ង់ជាដើម។
ផ្ទុយទៅវិញ បើសិនជាបេសកកម្មការទូត នឹងទទួលបានជោគជ័យក្នុងការកាត់បន្ថយភាពតានតឹងនុយក្លេអ៊ែរ ឬសកម្មភាពអាកាសធាតុសំខាន់ៗនោះ វានឹងជួយអាចផ្លាស់ទ្រនិចនាឡិកា Doomsday Clock ឱ្យនៅឆ្ងាយពីពាក់កណ្តាលអធ្រាត្រ។ តើទ្រនិចនាឡិក Doomsday Clock ដែលនឹងបង្ហាញថ្ងៃទី២៤ មករា ឆ្នាំ២០២៥ ខាងមុខនេះ នឹងប្រែប្រួលយ៉ាងណានោះ យើងនឹងរង់ចាំមើលទាំងអស់គ្នា៕