(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមករា ដើម្បីលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំក្នុងការបំពេញការងាកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរ ទាំងគុណភាពបម្រើសេវា ការដោះស្រាយ ការពង្រឹងសមត្ថភាពមន្រ្តី ធនធានមនុស្ស និងការអភិវឌ្ឍដល់អង្គភាព ដែលមានផែនការច្បាស់លាស់។
ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមុតស្រួចបន្ថែមទៀត ដោយថ្នាក់ដឹកនាំ ត្រូវដើរតួនាទីយ៉ាងសកម្ម ក្នុងការរៀបចំជាផែនការ គោលគំនិតទាំងបច្ចេកទេស និងក្របខណ្ឌនយោបាយ ដើម្បីបានជាអត្ថប្រយោជនដល់វិស័យ និងប្រទេសជាតិ។
ក្នុងឱកាសដើមឆ្នាំថ្មីនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលឹកអំពីតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងនាយកដ្ឋានជំនាញ រហូតដល់មន្ទីរសុខាភិបាល ដែលជាអ្នកសំខាន់ជួយដល់ស្ថាប័ន ក្នុងជំនាញរៀងៗខ្លួន និងត្រូវមានជំហររឹងមាំ ប្រកបដោយប្រសិទ្ធភាព ក្រមសីលធម៌ ថាមពល និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំត្រូវផ្តោតការងារសំខាន់ៗ ឆ្នាំ២០២៥ ដូចខាងក្រោម៖
*ត្រូវផ្តោតទៅលើការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥
*កាត់បន្ថយអត្រាឈឺ និងមរណភាពជំងឺរបេង ឱ្យបានច្រើនបំផុត នៅឆ្នាំ២០៣០
*ត្រូវសម្រេចឱ្យបានគោលដៅជំងឺអេដស៍ ៩៥ ៩៥ ៩៥ នាឆ្នាំ២០២៥
*ទប់ស្តាត់ជំងឺគ្រុនឈាម ដោយសូមបង្កើនការប្រុងប្រយ័ត្ននៅឆ្នាំ២០២៥ ជាបន្តទៀត សម្រាប់ការព្យាករណ៍ ដែលអាចនឹងមានការផ្ទុះឡើងក្នុងឆ្នាំបន្ទាប់នេះ
*បន្តកាត់បន្ថយអត្រាមរណភាពមាតា និងទារក
*ខិតខំដើរឆ្ពោះទៅមុខ នូវសុខាភិបាលឌីជីថល
*កាត់បន្ថយជារឿយៗ ក្នុងសហគមន៍ និងហានីភ័យដូចការពុលផ្សេងៗ
*អំពីសុខភាពបឋម ត្រូវឱ្យកាន់តែមុតស្រួចបន្ថែមទៀត
*ជំរុញ និងបង្កើនសារអប់រំសុខភាពឱ្យកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ
*ពិនិត្យគោលដៅសំខាន់ៗបំផុត ដូចគ្រោះថ្នាក់មិនសមហេតុផល ដែលអាចជួយសង្គ្រោះបាន ជាពិសេសក្នុងមន្ទីរពេទ្យ ដោយត្រូវអនុវត្ត ពេញ៣ «ពេញម៉ោងការងារ ពេញសមត្ថមភាព និងពេញការទទួលខុសត្រូវ»។
ជាចុងក្រោយ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទំាងអស់ ត្រូវខិតខំអនុវត្តបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដែលបានដាក់ចេញ៕