(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញទៅសំណេះសំណាលជាមួយក្រុមវិស្វករ និងត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ដែលមានប្រវែងជាង ២១ គីឡូម៉ែត្រ ពីទីរួមស្រុក ឆ្ពោះទៅកាន់ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោក សំ លាងទ្រី ប្រធានក្រុមវិស្វករស្ថាបនាផ្លូវរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានរាយការណ៍បញ្ជាក់ថា អស់រយៈពេលជាង ២០ ថ្ងៃ ក្រោយពីការបើកការដ្ឋានស្ថាបនានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បច្ចុប្បន្ននេះក្រុមវិស្វកម្មរបស់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឈូសឆាយពង្រាបផ្លូវសម្រួលដល់ការធ្វើដំណើរបានរួចរាល់ លើប្រវែងកំណត់ផ្លូវជាង២១គីឡូម៉ែត្រ ហើយបានចាក់ដីក្រាលគ្រួសក្រហម និងកិនបង្ហាប់ តាមលក្ខណៈស្តង់ដារបច្ចេកទេសបានប្រវែង ៨ គីឡូម៉ែត្រ រួចហើយ និងត្រៀមដាក់លូប្រអប់មួយកន្លែង និងលើកកម្ពស់ផ្លូវដែលត្រូវជនលិចក្នុងរដូវវស្សាកម្ពស់ ១.៨០ម៉ែត្រ មានប្រវែង១៨០ ម៉ែត្រ។ ចំពោះកំណត់ផ្លូវប្រវែង ២១ ២៥០ ម៉ែត្រនេះ នឹងស្ថាបនាឲ្យបានរួចរាល់នៅមុនបំណាច់ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងនូវការកោតសរសើរចំពោះក្រុមវិស្វកម្ម ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបម្រើជូនប្រជាជន នៅក្នុងមូលដ្ឋានស្រុកសណ្ដាន់ ដើម្បីបានធ្វើដំណើរមានភាពងាយស្រួល និងបានណែនាំដល់ក្រុមវិស្វកម្មទាំងអស់ ត្រូវខិតខំប្រឹងប្រែងស្ថាបនាផ្លូវស្របតាមលក្ខណៈបច្ចេកទេសប្រកបដោយគុណភាព និងឱ្យបានរួចរាល់ឆាប់រហ័ស ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាជនក្នុងការដឹកជញ្ជូនសមិទ្ធផលនានា របស់ពួកគាត់បានទាន់ពេលវេលា។
នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានឧបត្ថម្ភជូននូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាក្នុងម្នាក់ៗចំនួន ១០០ដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រុមវិស្វកម្ម ចំនួន ២០នាក់ ដែលកំពុងតែស្ថាបនាផ្លូវនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕