(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន សម្រាប់ទុកដាក់ចូលរួមទំនុកបម្រុងផ្គត់ផ្គង់ដល់ព្រះសង្ឃ បេក្ខសមណសិស្ស-សិស្ស និងគណៈកម្មការមេប្រយោគ ដែលមានចំនួន ៥៣៣អង្គ/នាក់ សរុបទាំងព្រះសង្ឃគង់ក្នុងវត្តឥន្រ្ទីយ៍សំវរៈ (កំពង់ធំ) ក្នុងកម្មវិធីប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង។
ជាមួយគ្នានោះដែរ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងជាព្រះប្រធានមណ្ឌលប្រឡងខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតនូវសទ្ធាជ្រះថ្លាដ៏ឧត្តុង្គឧត្តមរបស់លោក នួន ផារ័ត្ន ដែលមានសទ្ធាជ្រះថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនានេះ។
សូមបញ្ជាក់ផងដែរថា សម្ភារៈដែលបានប្រគេននៅពេលនេះរួមមាន អង្ករ ទឹកសុទ្ធ ភេសជ្ជៈ និងបច្ច័យមួយចំនួន។ ការប្រឡង មានរយៈពេល ២យប់ ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ-អាទិត្យ ទី១៧-១៩ ខែមករា ឆ្នាំ២០២៥ មណ្ឌលប្រឡងក្នុងវត្តឥន្រ្ទីយ៍សំវរៈ (កំពង់ធំ) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន៕