(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត ចុះពិនិត្យទីតាំង ជុំវិញតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំសំពៅ ដើម្បីរៀបចំកែលម្អការងារសន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយ ហើយរៀបចំកសាងឡើងវិញ និងកែលម្អបន្ថែមនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ។

លោក សុខ លូ បានបន្តថា ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយយ៉ាងពិតប្រាកដក្នុងខេត្តបាត់ដំបង ក្នុងនោះមាន ការកសាងបង្ហើយព្រះអង្គធំ កែលម្អហេដ្ឋារចនាសម្ព័ន្ធ ខឿនសួនច្បារ និងរៀបចំសំណង់មិនរៀបរយមួយចំនួនជុំវិញបរិវេណជើងភ្នំសំពៅ ដែលស្ថិតនៅភូមិភ្នំសំពៅកើតឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងទាំងអស់ពិសេសអ្នករស់នៅក្នុងឃុំភ្នំសំពៅ បានសប្បាយរីករាយ និងសាទរជាខ្លាំង ដែលលោកអភិបាលខេត្ត ចាប់ផ្តើមបន្តធ្វើហេដ្ឋារចនាសម្ព័ន្ធដែលនៅសេសសល់ និងបានណែនាំក្រុមជំនាញ ក្រុមជាង ពន្លឿន សម្រុកធ្វើឲ្យឆាប់ហើយ ដើម្បីទុកជូនភ្ញៀវទេសចរ មើលលេងកម្សាន្ត រមណីយដ្ឋានទេសចរណ៍មួយនេះ កាន់តែច្រើនជាប្រចាំតទៅផងដែរ៕