(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោករៀបចំពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅមូលដ្ឋានស្រុកតាំងគោក និងមានការចូលរួមពី លោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីជាអភិបាល អភិបាលរងស្រុក លោកនាយក នាយករងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារីប្រមាណ ៥០០នាក់។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោកបណ្ឌិត ថោង ខុន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករឭកពីសម្តេចប្រមុខទាំង៣ គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់មន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា​ទាំងអស់នៅស្រុកតាំងគោក ខេត្តកំពង់ធំ។

បន្ទាប់ពីនេះដែរលោកបណ្ឌិត ថោង ខុន ក៏បានអានសុន្ទរកថាដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសដែលសម្តេចតេជោ​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សរាប់ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប ៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហាន របស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីបានអានសុន្ទរកថា ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន រួច លោកបណ្ឌិត ថោង ខុន ក៏បានរំលឹកថា រយៈពេល៤៦ឆ្នាំកន្លងមកនេះ បន្ទាប់ពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ជាប្រវត្តិសាស្រ្ត គណបក្សប្រជាជនកម្ពុជាបានផ្សារភ្ជាប់ រួមសុខ រួមទុក្ខជាមួយប្រជាជន ពុំពារឆ្លងកាត់រាល់ឧបសគ្គ ដឹកនាំប្រទេសឲ្យរួចផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយមោទនភាពជាទីបំផុត។

លោកបណ្ឌិត បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីអាណត្តិទី៧ បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលបានធានា​ដល់ការរស់នៅ​ដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ។ សមិទ្ធផលថ្មីៗជាច្រើនអនេក រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គីសនី ប្រព័ន្ធពត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។ ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន។

សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីធានាការពារសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម លើកកម្ពស់សុខមាលភាព ជីវភាពរស់នៅរបស់ប្រជាជន ផ្តល់សេវាសាធារណៈឲ្យខិតជិតប្រជាជន បង្កើនកិច្ចគាំពារសង្គមជូនជនក្រីក្រ ឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូប គ្រប់មូលដ្ឋាន។

ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលជាបង្អែកដ៏រឹងមាំ កក់ក្តៅ និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិឲ្យបន្តឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍឆ្ពោះទៅរកអនាគតដ៏រុងរឿង។ ដូច្នេះយើងទាំងអស់គ្នាក្នុងនាមជាមន្រ្តី និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ សូមប្តេជ្ញាចូលរួមថែរក្សាសន្តិភាព ថែរក្សារាល់សមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាឱបានជាដាច់ខាត។

ជាមួយគ្នានោះផងបងលោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារចុះមូលដ្ឋានឃុំទាំង៨ ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយនូវសុន្ទរកថាដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្ស នៅតាមឃុំទាំង៨ រៀងៗខ្លួន៕