(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ស្មារតីជ័យជម្នះ៧មករា ជាស្មារតីនៃសន្តិភាព និងការបង្រួបបង្រួមជាតិ។

លោកបានថ្លែងបែបនេះក្នុងមីទ្ទិងអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥)​ ដែលមានវត្តមាននិមន្តចូលរួម និងចូលរួមពី ព្រះសង្ឃ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាល មន្រី្តរាជការ អាជ្ញាធរដែនដី យុវជន និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានលើកឡើងថា ស្មារតីជ័យជម្នះ ៧មករា គឺស្ថិតស្ថិរ និងរស់រវើកក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ ជាស្មារតីនៃសន្តិភាពបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដែលប្រជាជនកម្ពុជា ចងចាំមិនអាចបំភ្លេចបានថា មាតុភូមិកម្ពុជា បានឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតបំផុត ជាសមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជន។ ជ័យជម្នះ៧មករា បានវាយរលំរបបប្រល័យពូជសាសន៍បិទទំព័រសករាជដ៏ខ្មៅងងឹត សាហាវយង់ឃ្នងបំផុត ដណ្តើមបានមកវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង សេចក្តីថ្លៃថ្នូរមនុស្សជាតិរស់ឡើងវិញ។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានថ្លែងបន្តថា នៅគ្រប់អាណត្តិរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្ស រួមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងសមាជិកទាំងអស់ បានរួមសាមគ្គីគ្នាបន្តខិតខំយកអស់កម្លាំងកាយចិត្តកសាង និងអភិវឌ្ឍប្រទេស បានរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះលោក កែ គឹមយ៉ាន បានអំពាវនាវមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវគាំទ្រការកសាងច្បាប់ដែលនឹងកំណត់ថាជនណា ឬក្រុមណាដែលមានគម្រោងការ ឬឃុបឃិតបង្កើត ចលនាប្រឆាំងនិយម បង្កអសន្តិសុខដល់សង្គម បង្កជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីបន្តរួមគ្នាថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនំាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

ជាមួយគ្នានេះលោក កែ គឹមយ៉ាន បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ សូមប្រើប្រាស់ទឹកដោយសន្សំសំចៃបំផុត ចំគោលដៅ ដើម្បីរក្សាបាននូវសុវត្ថិភាពសន្តិសុខទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងខាងមុខ និងបានឧបត្ថម្ភ ជូននិវត្តជន ចំនួន ១០០នាក់ សិស្សនិទ្ទេសA ចំនួន ៧៤នាក់ និងក្រុមកីឡាករទទួលជ័យលាភីថ្នាក់ជាតិចំនួន ៧៦នាក់ សរុបរួមជាថវិកា ១៨៧លាន ៣៥០ពាន់រៀល៕