(រតនគិរី)៖ ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ត្រូវបានរដ្ឋបាលខេត្តរតនគិរី ប្រារព្ធធ្វើនៅលើបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តនាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
ពិធីនេះមានកិត្តិយសដោយបានការអញ្ជើញចូលរួមពីលោក ញ៉ែម សំអឿន អភិបាលខេត្ត, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក គិត ទ្រី តំណាងរាស្រ្តមណ្ឌលរតនគិរី, លោក មួង ប៉យ សមាជិកព្រឹទ្ធសភា, សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, មន្ត្រីរាជការ, រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស, ក្រុមកាយរិទ្ធ, យុវជន សសយក, យុវជនស្រលាញ់សន្តិភាព, យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងប្រជាពលរដ្ឋជាង២,០០០នាក់។
បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធ ព្រះសង្ឃនិមន្តស្វាធ្យាជយោន្តោ ប្រសិទ្ធិពរជ័យ ប្រគេនទេយ្យ វត្ថុ និងបង្សុកូលជូនដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនោះរួចមក លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងសន្ទរកថា ក្នុងឱកាសអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ ៧ មករា «៧ មករា ១៩៧៩ - ៧ មករា ២០២៥» ដោយបានលើកឡើងថា ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។
លោកថា «បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយ ពីព្រោះបានកើតចេញពីការលះបង់សាច់ស្រស់ ឈាមស្រស់ និងភាពអង់អាចក្លាហាន របស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជា។ ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីចំណងសាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញ និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យជា មូលដ្ឋានគ្រឹះសម្រាប់ឱ្យមាតុភូមិយើង ឈានទៅសម្រេចគោលដៅដ៏ឧត្តុងឧត្តម គឺកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព»។
ព្រមជាមួយគ្នានេះ យើងទាំងអស់គ្នា សូមលំឱនកាយវាចារចិត្ត គោរពដល់វិញ្ញាណក្ខន្ធរបស់ជនរួមជាតិ ជាង៣លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌បំផុត នៅក្នុងរបបដ៏យង់ឃ្នង ក្នុងអំឡុង៣ឆ្នាំ ៨ខែ ២០ថ្ងៃ និងសូមឧទ្ទិសបួងសួង សូមឱ្យអ្នកទាំងអស់នោះ បានទៅកាន់សុគតិភពជារៀងដ៏រាប។
លោកអភិបាលខេត្តបន្តថា គិតមកដល់ពេលនេះ ៤៦ឆ្នាំហើយ ដែលកម្ពុជាយើងបាននឹងកំពុងឈរជើងយ៉ាងរឹងមាំ ក្នុងភាពធ្វើជាម្ចាស់លើប្រទេសជាតិ និងជោគវាសនារបស់ខ្លួន ឈានទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការដឹកនាំនាវាកម្ពុជាបន្តទៅមុខ ឆ្ពោះទៅរកត្រើយ នៃវិបុលភាពកាន់តែរុងរឿង ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ។
រាជរដ្ឋាភិបាលកម្ពុជា ពីមួយជំនាន់ទៅមួយជំនាន់ បានដឹកនាំប្រទេសកម្ពុជា ឱ្យទទួលបានសន្តិភាពពេញលេញ មានការឯកភាពរួបរួមជាតិ អភិវឌ្ឍន៍ទឹកដី ក្នុងល្បឿនគួរឱ្យមោទនៈ ពិសេសក្នុងអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ស្តែងចេញពីនេះ សម្តេចត្រូវបានទទួលការគាំទ្រយ៉ាងទូ លំទូលាយពីប្រជាជន ដោយបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការគាំទ្រ មានទំនុកចិត្តលើការគ្រប់គ្រងដឹកនាំ និងបន្តដំណើរការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដោយផ្អែកទៅលើសាមគ្គីភាព គតិបណ្ឌិត ទេព្យកោសល្យ ភាពអង់អាចក្លាហាន និងសេចក្តីព្យាយាម ដើម្បីជម្រុញនូវការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងសង្គមជាតិ ឆ្ពោះទៅរកភាពកាន់តែរីកចម្រើនរុងរឿង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន គ្រប់ស្រទាប់ជាន់ថ្នាក់ ឱ្យកាន់តែល្អប្រសើរ។
តាមរយៈនៃអង្គមិទិញនេះលោក ញ៉ែម សំអឿន ក៏បានអំពាវនាវប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន យុវនារី ដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ត្រូវតបស្នងសងគុណចំពោះបុព្វការីជន និងអ្នកស្នេហាជាតិទាំងអស់ ដោយត្រូវប្រែក្លាយគុណតម្លៃ និងចងចាំសច្ចភាពប្រវត្តិសាស្ត្រ ប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការរក្សាការពារស្មារតីជ័យជំនះ ៧ មករា ឱ្យបានស្ថិតស្ថេរគង់វង្ស។ នៅចុងបញ្ចប់ នៃអង្គពិធី គណអធិបតី ក៏បានអញ្ជើញ បង្ហោះប៉ោង ប៉ោង ជានិមិត្តរូបនៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧ មករា៧ មករា ១៩៧៩ - ៧ មករា ២០២៥ផងដែរ៕