(បន្ទាយមានជ័យ)៖ ដោយមានការចង្អុលបង្ហាញ និងការគាំទ្រយ៉ាងមុតមាំពីលោក កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក ឌិត ទីណា អនុប្រធានទី១ នៅថ្ងៃទី៧ ខែមករា ដែលជាទិវាអបអរសាទរជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត, លោក គង់ ច័ន្ទវាសនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ, លោក ងិន ឆាយ អនុប្រធានទី១ និងលោក អន ស៊ុំ សមាជិកព្រឹទ្ធសភា ព្រមទាំងលោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារ​ បានរៀបចំពិធីក្រុងពាលីដើម្បីចាប់ផ្តើមការងារសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងទំហំជាង៤២០ម៉ែត្រការ៉េ អគារស្នាក់ការថ្មីនេះ នឹងត្រូវសាងសង់លើទីតាំងដីស្នាក់​ការគណបក្សបច្ចុប្បន្នដែលមានទទឹងប្រវែង​ ២២ម៉ែត្រ និងបណ្តោយ​ប្រវែង ៤៥ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ​លេខ៦ ក្នុងទីរួមស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ការ​សាងសង់នេះគ្រោងចំណាយថវិកាជាង១២ម៉ឺនដុល្លារ ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ​ និងសមាជិក​នៃក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ​ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ និងបង្ហាញពីកម្លាំងសាមគ្គីភាពដ៏រឹងមាំ ជុំវិញការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​។

អគារស្នាក់ការថ្មីដែលមានក្បាច់រចនាសាមញ្ញទាន់សម័យនេះ​ នឹងផ្តល់ជាកន្លែងជួបជុំប្រកបដោយផាសុខភាព សម្រាប់អ្នកចូលរួមប្រមាណជាង​៤០០នាក់ ក្រោយបញ្ចប់ការសាងសង់ នៅអំឡុងខែមេសា ឆ្នាំ២០២៥នេះ។

ទន្ទឹមនេះ​ អគារស្នាក់ការគណបក្សថ្មីនេះបង្ហាញពីការចាក់គ្រឹះយ៉ាងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ក្រុមការងារចំពោះការគាំទ្រយ៉ាងទូលំទូលាយរបស់សមាជិក គណបក្សនៅទូទាំងស្រុក ព្រះនេត្រព្រះ នាពេលកន្លងមកបច្ចុប្បន្ន​ និងពេលអនាគត៕