(ព្រះសីហនុ)៖ លោក វង្ស ណាផាត ប្រធានក្រុមប្រឹកក្សាខេត្តព្រះសីហនុ និងលោក ម៉ាង ស៉ីណេត អភិបាលខេត្ត នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងមិទ្ទីញអបអរសាទរយ៉ាងក្លៀវក្លា ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥)។

ពិធីនេះបានធ្វើឡើងនៅវេទិការបុណ្យជាតិ៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអគ្គកុងស៊ុលវៀតណាម អគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីអង្គភាព មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនអាហារូបករណ៍សម្តេចតេជោ យុវជនស្រឡាញ់សន្តិភាព កងកម្លាំងទាំងបីប្រភេទ និងប្រជាពលរដ្ឋ ១ ៨២៧ អង្គ/នាក់៕

នាឱកាសដ៏វិសេសវិសាលនេះលោក ម៉ាង ស៊ីណេត ក៏បានអានសុន្ទរកថាដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសដែលសម្តេចតេជោ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សរាប់ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប ៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

«៧ មករា ១៩៧៩» ជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជន នៃគណបក្សប្រជាជនកម្ពុជា៕