(ភ្នំពេញ)៖ អ្នកដើរជីកក្តាមបានប្រទះឃើញសពក្មេងប្រុសម្នាក់អណ្ដែតទឹកនៅក្នុងរណ្ដៅដីមួយកន្លែង ភ្លាមៗនោះគាត់បានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះទៅពិនិត្យមើល និងពុំទាន់ដឹងថា តើជនរងគ្រោះរូបនោះក៏មានរឿងអ្វី ផ្សេងនោះទេ ប៉ុន្តែភ្លាមៗនោះសមត្ថកិច្ចសង្ស័យថាស្លាប់ដោយលង់ទឹក។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅក្នុងរណ្ដៅដីជម្រៅ៥ម៉ែត្រ ក្នុងភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ស្រ្តីជាម្ដាយបាននិយាយថា កូនប្រុសគាត់ខាងលើឈ្មោះ រ៉េត រតនៈសុខហេង អាយុ១៣ឆ្នាំ មានទីលំនៅបុរីពិភពថ្មីគំរោង៣ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ស្រ្តីជាម្តាយបាននិយាយថានៅថ្ងៃកើតហេតុកូនប្រុស បានចេញបាត់ពីផ្ទះនៅវេលាម៉ោង ៨៖៣០នាទីព្រឹកហើយ គាត់មិនបានដឹងថាកូនទៅណានោះឡើយ លុះក្រោយមកស្រាប់តែទទួលដំណឹងថា កូនស្លាប់អណ្ដែតទឹក ទើបគាត់ទៅមើលទាំងរន្ធត់បំផុត។

បើតាមប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុនោះ បាននិយាយថា នៅវេលាម៉ោងប្រហែលជាង៨ព្រឹកថ្ងៃកើតហេតុ គាត់បានឃើញក្មេងប្រុសរងគ្រោះ និងមិត្តភក្ដិប្រុសៗ៤ទៅ៥នាក់ទៀតបាននាំគ្នាងូតទឹកលេង។ លុះក្រោយមកក៏ស្រាប់តែ ចាកចេញទៅបាត់អស់ទៅហើយ គាត់ក៏មិនបានដឹងថាក្មេងប្រុសខាងលើលង់ទឹកដែរ ក្រោយមកស្រាប់តែអ្នកជីកក្ដាមប្រទះឃើញក្មេងប្រុសរងគ្រោះស្លាប់អណ្ដែតទឹកបង្កអោយមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបានចុះទៅកាន់កន្លែងកើតហេតុ ហើយក្រុមគ្រួសារក៏បានទៅដល់ដែរ និងបានមើលសាកសពក្មេងប្រុសរូបនោះ ប៉ុន្តែពុំបានមានស្លាកស្នាមអ្វីនៅលើខ្លួនសពឡើយ។ ដែលតាមការសន្និដ្ឋានដំបូង សង្ស័យជនរងគ្រោះស្លាប់ដោយលង់ទឹក ហើយក្រុមគ្រួសារបានាំយកសពទៅធ្វើបុណ្យតាមប្រពៃណី៕