(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន១ខ្សែ ប្រវែង ១,១០០ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកមេសាង ពិសេសប្រជាពលរដ្ឋក្នុងឃុំជីផុចទាំងមូល ដែលមានទីតាំងនៅចំណុចវត្តពោធិ៍សាលា (ហៅវត្តយាង) ស្ថិតនៅភូមិយាងតូច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះក៏មានការនិមន្ត និងចូលរួមពីសំណាក់ព្រះសង្ឃលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលស្រុកមេសាង នាយកទីចាត់ការសាលាខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលស្រុកមេសាង ព្រមទាំងប្រជាពលរដ្ឋប្រមាណ ១៣០អង្គ/រូប។
លោកអភិបាលខេត្តបានថ្លែងថា ការបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះ គឺជាសមិទ្ធផលថ្មីមួយរបស់ឃុំជីផុច ស្រុកមេសាង ដែលបានទទួលផ្លូវបេតុងដ៏ថ្មីស្រឡាងរឹងមាំ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានងាយស្រួល ក្នុងការធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព ចំណេញបានទាំងវេលានិងថវិកាផងដែរ។
ជាមួយគ្នានេះប្រជាពលរដ្ឋបានសំដែងនូវអារម្មណ៍សប្បាយរីកករាយយ៉ាងក្រៃលែងដោយទទួលបានផ្លូវបេតុង ១ខ្សែនេះ។ពួកគាត់ថា ផ្លូវ១ខ្សែរនេះ ពីមុនពិបាកធ្វើដំណើរតូចចង្អៀតជាពិសេសនៅរដូវវស្សា គឺមានភក់ ល្បាប់ ជាច្រើនដែលបង្កឲ្យមានការគ្រោះថ្នាក់ជាដើម។ ឥឡូវនេះដោយមានការគិតគូរគឺថ្នាក់ដឹកនាំខេត្ត ក៏ដូចជារាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការអភិវឌ្ឍផ្លូវគមនាគមន៍ កាន់តែងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ពិសេសសិស្សានុសិស្សធ្វើដំណើរទៅសាលារៀនបានទាន់ពេលវេលា អ្នកជំងឺទៅមន្ទីរពេទ្យកាន់តែរហ័សផងដែរ៕