(កំពង់ចាម)៖ លោក លន់ សុផាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ៧មករា (១៩៧៩-២០២៥) ដោយមានការចូលរួមថ្នាក់ដឹកនាំនិងសមាជិក-សមាជិកាគណបក្ស មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សយ៉ាងច្រើនកុះករ។

អង្គមីទ្ទិញទាំងមូលបានស្ដាប់នូវការអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា រួមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សសរុបជាង២ម៉ឺននាក់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ។

លោក លន់ សុផាត ក៏បានឡើងពីគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃការរំដោះប្រជាពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការពុះពររបស់សម្ដេចតេជោ ហ៊ុន សែន រួមនឹងឥស្សរជនសំខាន់ជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋចាត់ទុកថ្ងៃ៧មករាជាថ្ងៃកំណើតទី២របស់ខ្លួន។

ប្រធានក្រុមការងារគណបក្សចុះជួយស្រុកបាធាយរូបនេះបានបន្តថា មហាជ័យជម្នះ ថ្ងៃ៧ មករា ១៩៧៩ ជាប្រវត្តិសាស្ត្រដែលបានសង្រ្គោះជាតិនិងប្រជាជនកម្ពុជាឱ្យមានជីវិតរស់ឡើងវិញរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិនិងសេរីភាពគ្រប់បែបយ៉ាង ហើយបានស្តារនិងកសាងជាតិមាតុភូមិឡើងវិញពីគំនរផេះផង់ ឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក រហូតមានសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនភាពបំផុត។

លោកបានបញ្ជាក់ទៀតថា ការរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នាឱកាសនេះ ប្រកបដោយបរិយាកាសដ៏សប្បាយរីករាយ ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០២៥០។

អង្គមីទ្ទិញទាំងមូលនៅស្រុកបាធាយនោះ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តចូលរួមថែរក្សារាល់សមិទ្ធផលដែលសម្រេចបានក្រោយថ្ងៃរំដោះ៧មករាឱ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ។

ពិសេសត្រូវចូលរួមការពារសុខសន្តិភាពដែលបានមកដោយលំបាកឱ្យនៅគង់វង្សយូរអង្វែង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេច ហេង សំរិន ជាប្រធានកិត្តិយសគណបក្ស សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងសម្តេចអនុប្រធានជាច្រើនរូបទៀត ដើម្បីឱ្យប្រទេសកម្ពុជាកាន់តែអភិវឌ្ឍរីកចម្រើនតទៅមុខថែមទៀត៕