(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានទទួលសំណើរបស់ អតីតយុទ្ធជនក្នុងខេត្តបន្ទាយមានជ័យ ដែលស្នើសុំគ្រូពេទ្យប្រចាំការ២៤ម៉ោង និងមធ្យោបាយដឹកជញ្ជូនអ្នកជំងឺ។

លោករដ្ឋមន្រ្តីបានទទួលយកសំណើនេះ ដោយបញ្ជាក់ថា នឹងត្រួតពិនិត្យលទ្ធភាព និងទីតាំងឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយសំណើនេះចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

ការបញ្ជាក់នេះ បានធ្វើឡើងនាឱកាសដែលលោករដ្ឋមន្ត្រី និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនអតីតយុទ្ធជនចំនួន ៣៣០គ្រួសារ នៅមជ្ឈមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ការណ៍នេះ ក៏មានវត្តមានចូលរួមរបស់លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ផងដែរ។

ក្នុងពិធីសំណេះសំណាលនេះ លោក ឌិត ទីណា​ បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើជូនបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលមានគុណបំណាច់ក្នុងការចូលរួមខិតខំ លះបង់ តស៊ូ រហូតបានកសាងសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត ដែលត្រូវរក្សាឱ្យបាន ព្រមទាំងការគិតគូរអតីតយុទ្ធជនទាំងអស់ទូទាំងប្រទេស ឱ្យមានជីវភាពល្អប្រសើរ មានផ្ទះរស់នៅសុខសាន្ត មានដីធ្លី និងអាចទទួលប្រាក់បំណាច់នានា ដែលជាការលើកទឹកចិត្ត និងជាអំណោយនូវការតស៊ូរបស់បងប្អូនអតីតយុទ្ធជនកម្ពុជា។

ពាក់ព័ន្ធនឹងសំណើរបស់អតីតយុទ្ធជន, លោក ឌិត ទីណា បានទទួលយកនូវការស្នើសុំគ្រូពេទ្យប្រចាំការ២៤ម៉ោង និងមធ្យោបាយដឹកជញ្ជូនអ្នកជំងឺពេលមានអាសន្ន ដោយត្រូវត្រួតពិនិត្យលទ្ធភាព និងទីតាំងឱ្យបានច្បាស់លាស់ និងស៊ីជម្រៅជាមុន ដើម្បីដោះស្រាយសំណើនេះចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្តល់នូវអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលរួមមាន ផ្ទះសម្រាប់រស់នៅ គ្រឿងបរិភោគ និងថវិកាសម្រាប់ប្រើប្រាស់ចំនួន ៣៣០គ្រួសារ និងបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់រស់នៅប្រកបដោយភាពសុខសាន្ត និងសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕