(កំពង់ចាម)៖ ការភ្ជួររាល់ដីមុនការដាំដុះ ដំណាំផ្សេងៗ គឺជាទម្លាប់ដែលកសិករកម្ពុជា បានអនុវត្តតាំងយូរលង់ណាស់មកហើយ។ ប៉ុន្តែកសិករជាច្រើនអាចនឹងមិនធ្លាប់គិតទេថា សកម្មភាពនៃការភ្ជួររាល់ដីមុនដាំដំណាំនេះ គឺជាសកម្មភាពដែលធ្វើឱ្យដីកាន់តែដីគ្មានគុណភាព និងអស់ជីវជាតិបន្តិចម្តងៗ ដែលឱ្យដំណាំមិនលូតលាស់ល្អ។
ដើម្បីស្តារគុណភាព និងសុខភាពដីឡើងវិញ អ្នកជំនាញកសិកម្ម បានណែនាំឱ្យកសិករ អនុវត្តកសិកម្មអភិរក្ស។ ការធ្វើកសិកម្មអភិរក្ស គឺជាបច្ចេកទេសនៃការធ្វើកសិកម្មមួយ ដែលចូលរួមចំណែកស្តារគុណភាពដី និងសុខភាពដីទ្បើងវិញ ដើម្បីឈានទៅបង្កើនទិន្នផលដំណាំ។ ការធ្វើកសិកម្មអភិក្សត្រូវគោរពទៅ តាមគោលការណ៍៣ គឺ កាត់បន្ថយការភ្ជូររាល់ដី ឬបញ្ឈប់ភ្ជួររាល់ទាំងស្រុង, ការដាំដំណាំគម្របដី, និងការធ្វើពិពិធកម្មដំណាំ ដូចជាការដាំដំណាំឆ្លាស់ និងការដាំដំណាំបង្វិលពីមួយរដូវទៅមួយរដូវ។
លោកស្រី សៀង ស្រីមុំ មន្រ្តីសម្របសម្រួលមជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កសិកម្មអភិរក្សកម្ពុជា នៃនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ( CARDEC) បានពន្យល់ថា ការធ្វើកសិកម្មតាមរបៀបនេះ នឹងជួយបង្កើនការស្តុកទុកកាបូនក្នុងដី ជួយស្រូបយកសារធាតុអាសូតពីបរិយាកាស និង ធ្វើឱ្យ PH ដី មានតុល្យភាព ដែលធ្វើដំណាំមានលទ្ធភាពលូតលាស់បានល្អ។
ដីគ្មានជីវជាតិ ឬដីខូចគ្មានគុណភាព គឺសំដៅទៅលើដីដែលរឹង ងាយរងការហូរច្រោះ និងមិនអាចរក្សាសំណើមបានយូរ ដូច្នេះហើយដំណាំដែលដាំនៅលើប្រភេទដីនេះនឹងមិនមានការលូតលាស់ល្អ ឬផ្ដល់ទិន្នផលច្រើនឡើយ។ ការមិនផ្តល់ទិន្នផលច្រើននេះហើយ ទើបជំរុញឱ្យកសិករ មួយចំនួនជ្រើសរើសប្រើប្រាស់ជីគីមី ដើម្បីបង្កើនទិន្នផល ដែលបណ្តាលឱ្យថ្លៃដើមនៃផលិតកម្មកើនឡើង ពីមួយឆ្នាំទៅមួយ និងនាំឱ្យកសិករងាយរងការខាតបង់ពីរបរធ្វើកសិកម្ម។
លោកស្រី ស្រីមុំ បានលើកឡើងថា តាមរយៈការបាត់បង់ជីជាតិដី បានធ្វើឱ្យទិន្នផលកសិកម្មធ្លាក់ចុះ ប្រមាណ ២ ទៅ ២.៥០តោនក្នុង ១ហិកតា និងខាតបង់ថវិកាអស់យ៉ាងច្រើន។ ជាក់ស្តែង យោងតាមការសិក្សាការស្រាវជ្រាវ របស់នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម (UNCCD) នៅប្រទេសកម្ពុជាឆ្នាំ២០១៦ រកឃើញថា ការធ្លាក់ចុះជីជាតិដី ធ្វើឱ្យខាតបង់ថវិកាប្រមាណ ៦៧៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
យោងតាមហេតុផលនេះ លោកស្រី មិនលើកទឹកចិត្តឱ្យកសិករជ្រើសរើសប្រើប្រាស់ជីគីមីនោះទេ ព្រោះវាមិនត្រឹមតែធ្វើឱ្យកាន់តែដីខ្សោះជីវជាតិនោះទេ ថែមទាំងប៉ះពាល់ដល់បរិស្ថានថែមទៀតផង។ កសិករគួរតែបង្វែមកអនុវត្តកសិកម្មអភិរក្ស ដើម្បីស្តារគុណភាពដី និងកាត់បន្ថយការប្រើប្រាស់ជីគីមីបន្តិចៗម្តង ជាពិសេសកាត់បន្ថយការហូរច្រោះដី នៅពេលមានភ្លៀងធ្លាក់។
ប៉ុន្តែយ៉ាងណាមិញ ការធ្វើកសិកម្មដោយមិនភ្ជូររាស់ដី ក៏ត្រូវការគ្រឿងចក្រកសិកម្មបែបទំនើប ដែលអាចជួយដល់ការដាំដុះ ដោយមិនភ្ជួររាល់ដី ខណៈគ្រឿងចក្រកសិកម្មទាំងនេះ មានផលិតតិចតួចកម្ពុជា និងមានតម្លៃថ្លៃ អាចមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារក្នុងមួយគ្រឿង ដែលធ្វើឱ្យកសិករគ្មានលទ្ធភាពទិញ។ ហេតុដូច្នេះត្រូវការការរួមចំណែកពីវិស័យឯកជន ដែលមានលទ្ធភាពវិនិយោគលើការផលិគ្រឿងចក្រកសិកម្មទាំងនេះ និងជួលមកឱ្យកសិករ។
បើទោះបីជាបច្ចេកទេសនៃការអនុវត្តកសិកម្មអភិរក្សជាបច្ចេកទេសថ្មី ប៉ុន្តែបច្ចុប្បន្ននេះ កសិករកម្ពុជាមួយចំនួននៅខេត្តកំពង់ធំ ព្រះវិហារ និងបាត់ដំបងជាដើមបានងាកមកអនុវត្តហើយ ដែលគិតមកដល់ចុងឆ្នាំ២០២៣ កសិករប្រមាណជាង ២០០០គ្រួសារ បាននិងកំពុងអនុវត្ត ដោយជ្រើសរើសវិធីនៃការរអនុវត្តគឺផ្សេងៗគ្នា ដោយអ្នកខ្លះជ្រើសរើសការដាំដំណាំគម្របដី កសិករខ្លះជ្រើសរើសការដាំដុះដោយមិនភ្ជួររាល់ តាមរយៈគ្រឿងចក្រកសិកម្ម និងកសិករខ្លះទៀតជ្រើសរើស ការដាំដំណាំឆ្លាស់គ្នា។
ការអនុវត្តកសិកម្មអភិរក្ស គឺជាផ្នែកមួយនៃការធ្វើកសិកម្មតាម បែបកសិអេកូឡូស៊ី ដែលកម្ពុជាបានចាប់ផ្តើមសាកល្បងអនុវត្ត ចាប់ពីឆ្នាំ២០២០ តាមរយៈគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាព (ASSET)។
លោកស្រី ទុយ សុខេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានលើកទឹកចិត្តកសិករជ្រើសការអនុវត្តកសិកម្ម តាមបែបកសិអេកូឡូស៊ី ព្រោះការអនុវត្តកសិកម្មតាមបច្ចេកទេសថ្មីនេះ មានប្រយោជន៍ណាស់ក្នុងការកែលម្អជីវជាតិដី ធ្វើឱ្យដីសុខភាពល្អ និងបង្កើនទិន្នផលដំណាំ ជួយដល់បរិស្ថាន និងសេដ្ឋកិច្ច ខុសពីការធ្វើការកសិកម្មតាមទម្លាប់ចាស់ ដែលនាំឱ្យដីកាន់តែក្រាំងទៅៗ៕