(ព្រៃវែង)៖ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលប្រជាកសិករអ្នកចិញ្ចឹមជ្រូកចំនួន៥០គ្រួសារ ស្ថិតនៅភូមិត្រម៉ុត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ការជួបអ្នកចិញ្ចឹមជ្រូកនេះក៏មានការចូលរួមពីលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត លោក លោកស្រីជាប្រតិភូអមដំណើ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង លោក យ៉ាវ សានីន អភិបាលស្រុកកំពង់ត្របែក និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀតផងដែរ។

លោក ហាស់ សារ៉េត បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធខេត្តព្រៃវែង មន្ទីរកសិកម្មខេត្ត អាជ្ញាធមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាល្អយកចិត្តទុកដាក់ជួយគាំទ្រការងារជំនាញបច្ចេកទេសកសិកម្ម ការជួយអន្តរាគមន៍ទប់ស្កាតជំងឺឆ្លងសត្វ ការជួយ បូមទឹកស្រោចស្រព្វដំណាំស្រូវរបស់កសិករក្នុងការបង្ករ បង្កើតផលឱ្យកសិករមានលទ្ធភាពចូលរួមចំណែកបង្កើនផលិតកម្មកសិកម្មឱ្យមានភាពរីកចម្រើនកាន់តែប្រសើរឡើងជាបន្តបន្ទាប់។

សូមបញ្ជាក់ថា លោក ហាស់ សារ៉េត និងក្រុមការងារបានចុះសាកសួរព័ត៌មាននានាជាមួយកសិករចូលរួមជុំវិញការងារអនុវត្តជាក់ស្តែង បញ្ហាប្រឈម ទីផ្សារ តម្លៃ ដំណោះស្រាយ និងសំណូមពរជុំវិញការងារកសិកម្ម។ ក្នុងនោះ លោក ហាស់ សារ៉េត បាននាំយកថ្នាំសម្លាប់មេរោគប្រមាណ៥កេះ ស្មើ១០០លីត្រ ផ្តល់ជូនកសិករ អ្នកចីញ្ចឹមសត្វ សម្រាប់យកទៅប្រើប្រាស់ធ្វើជីវសុវត្តិភាព បាញ់សម្លាប់មេរោគ ធ្វើអនាម័យទីកន្លែងចិញ្ចឹមសត្វការពារសុខភាពសត្វរបស់ប្រជាពលរដ្ឋឱ្យចិញ្ចឹមសត្វទទួលបានជោគជ័យ និងបង្កើនប្រាក់ចំណេញកាន់តែប្រសើរឡើង និងណែនាំឱ្យមន្ទីរមន្ត្រីជំនាញបន្តសាមគ្គីភាព សហការគ្នាល្អបន្តជួយគាំទ្រកសិករទៅមុខថែមទៀត៕