(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងមិទ្ទីញអបអរសាទរយ៉ាងក្លៀវក្លា ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូ ដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។
ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា និងប្រជាពលរដ្ឋប្រមាណ ២,១០៨អង្គ/នាក់។
ស្ថិតក្នុងអង្គញមិទ្ទិញជាប្រវត្តិសាស្ត្រនៅថ្ងៃទី៨ ខែមករានេះដែរ លោក នេត្រ ភក្ត្រា មន្ត្រីរាជការកងកម្លាំង ប្រជាពលរដ្ឋ សូមលំឱនកាយគោរពវិញ្ញាណខន្ធ វីរៈយុទ្ធជន វីរៈយុទ្ធនារី និងអ្នកស្នេហាជាតិ ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិតក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងពលរដ្ឋឱ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលពោរពេញទៅដោយឈាម និងទឹកភ្នែករយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គំរូវីរភាពនៃការពលិកម្មមិនអាចកាត់ថ្ងៃបាន។
គណបក្សប្រជាជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសបានចាត់ទុកថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត៣លាននាក់។ ៧ មករា ១៩៧៩ គឺជាថ្ងៃបើកឡើង វិញនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម។
ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ជាការបង្ហាញ ស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។
លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអានសន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលមានខ្លឹមសារថា ទិវាគម្រប់ខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានសាមគ្គីប្រជាជាតិទាំងមូល ដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូក សម្រេចបានជោគជ័យយ៉ាងធំធេងក្នុងបុព្វហេតុទ្ធោ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិបានចាកផុតពីស្ថានភាពដែលត្រូវបំផ្លាញខ្ទេចខ្ទី និងសង្គ្រាមដ៏រ៉ាំរ៉ៃ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាពប្រកបដោយមោទនភាពជាទីបំផុត។ ការប្រារព្ធខួបនៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជន។
បើតាមលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ជ័យជម្នះ ៧ មករា បានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាពីការកាប់សម្លាប់ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបានបាត់បង់ទាំងស្រុងក្នុងរបបខ្មែរក្រហម ប៉ុល ពត ហើយបានធ្វើឱ្យតម្លៃខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរ ដែលបានកសាងពូនផ្តុំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួនបានរស់ឡើងវិញ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ឈរលើមូលដ្ឋានជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញនូវភាពជាម្ចាស់មាតុភូមិកម្ពុជានិងលើវាសនារបស់ខ្លួន។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧ មករាថាជា «ថ្ងៃកំណើតទី២ របស់ខ្លួន, បើគ្មានថ្ងៃទី៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ»។ ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លេច បំភ្លៃ និងបំផ្លាញបានទ្បើយ ហើយ «មានតែអ្នកស្រទ្បាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា»៕