(កំពង់ធំ)៖ ក្នុងពិធីផ្តល់អំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូនប្រជាពលរដ្ឋ២០០គ្រួសារនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការវិនិយោគទៅលើកូនក្នុងវិស័យអប់រំ គឺជាការល្អត្រឹមត្រូវបំផុតសម្រាប់មាតាបិតា។

លោកបន្តថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយបានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច និងថ្នាក់ដឹកនាំខេត្តផងដែរ ហើយថ្វីដ្បិតតែអំណោយមនុស្សធម៌ទាំងនេះមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិតដែរ ដែលកំពុងត្រូវការជាចាំបាច់នូវស្បៀងអាហារផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។

លោកបានបន្ថែមថា ដោយមានការប្រែប្រួល និងមានខ្យល់ត្រជាក់នៃរដូវរងារ សូមថែរក្សាសុខភាពឱ្យបានល្អ ជៀសវាងជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុ និងជំរុញការសិក្សារបស់កូនឲ្យបានជាប់ជាប្រចាំដើម្បីក្លាយជាធនធានមនុស្សមួយដ៏ល្អសម្រាប់ជាតិ និងចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងនិងក្មេងទំនើងជាដើម។

លោក នួន ផារ័ត្ន បានផ្ដល់ជូនស្បៀងជូនដល់ប្រជាពលរដ្ឋ២០០គ្រួសារ នៅពេលនេះក្នុង១គ្រួសារទទួលបាននូវ៖ អង្ករ ត្រីខ ភួយ ទឹកស៊ីអ៉ីវ និងឃីតផងដែរ។

សូមជម្រាបថា លោកអភិបាលខេត្តក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល សម្ដេចតែងតែបានគិតគូរយកចិត្តទុកដាក់អំពីសុខមាលភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ៕