(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជំរុញអាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណា ដែលទន្ទ្រានដីតំបន់៣ នៃបឹងទន្លេសាប និងតំបន់ឧទ្យានជាតិ ដែលរាជរដ្ឋាភិបាល បានបញ្ចប់នូវការកាត់ឆ្វៀលដីនៅតំបន់៣ នៃបឹងទន្លេសាបនេះផងដែរ។

ការជំរុញយ៉ាងដូច្នេះរបស់លោក ប្រាក់ សោភ័ណ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត, លោក លោកស្រី ជាគណៈអភិបាលខេត្ត, នាយក ,នាយករងរដ្ឋបាលសាលាខេត្ត, ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ជាច្រើនចូលរួមផងដែរ។

លោកក៏បាក្រើនរំលឹកដល់មន្ត្រីថ្នាក់ដឹកនាំ កងកម្លាំងទាំងអស់ ត្រូវធ្វើការណែនាំ និងអប់រំដល់កូនចៅ បងប្អូនសាច់ញ្ញាតិរបស់ខ្លួន ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងក្រុមក្មេងទំនើង ព្រមទាំងបញ្ហាផ្សេងៗ សំដៅលុបបំបាត់ឲ្យអស់នូវប្រពៃណីអន្តរាគមន៍។

លោក ប្រាក់ សោភ័ណ បានកោតសរសើរចំពោះកងកម្លាំងទាំងបី បាន យកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្តិភាព និងបរិស្ថាន ក្នុងការលើកកម្ពស់ដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដែលធ្វើឲ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានការជឿជាក់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបញ្ជាក់ថា ឆ្លងតាមលទ្ធផលដែលរដ្ឋបាលខេត្ត ដែលបានអនុវត្តក្នុងឆ្នាំ២០២៤កន្លងមក យើងទទួលបានសមទ្ធិផលជាច្រើនគួឲ្យកត់សម្គាល់ផងដែរ។ លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តឲ្យខាងតែបានរាល់បទល្មើស ដែលតែងកើតមានឡើងនៅក្នុងមូលដ្ឋានខ្លួន ដើមី្បធានានូវសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ត នៅខេត្តសៀមរាប។

លោក លី សំរិទ្ធ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលរដ្ឋបាលខេត្តសៀមរាប សម្រេចបានប្រចាំឆ្នាំ២០២៤ ព្រមទាំងបានធ្វើការឯកភាពនូវរាល់ការលើកឡើងរបស់អភិបាលខេត្ត ដែលជាវិធានការដ៏ល្អក្នុងការអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ។ លោកក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ត្រូវចូលរួមសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តគោលនយោបាយ បញ្ចកោណ ដំណាកាលទី១ របស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឲ្យសម្រេចបានជោគជ័យ ដើមី្បបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោក លី សំរិទ្ធ បញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ខេត្តនៅឆ្នាំ២០២៥ និងអាចសម្រេចបាន ដោយសារការរំពឹងទុកនៃការត្រឡប់មករកភាពល្អប្រសើរឡើងវិញ នៃតម្រូវការខាងក្រៅ និងទំនុកចិត្តរបស់អ្នកវិនិយោគ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅបន្តរក្សាបាននូវតុល្យភាព។

លោកក៏បានលើកផងដែរ អំពីវិស័យទេសចរណ៍ នៅខេត្តសៀមរាប បានចាប់ផ្តើមមានកំណើនជាបណ្តើរៗឡើងវិញគួឲ្យកត់សំគាល់ និងសំដៅធ្វើការអភិវឌ្ឍខេត្ត លើគ្រប់ហេដ្ឋារចនាសម្ព័ន្ត ឲ្យសមស្របជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រផងដែរ៕