(តាកែវ)៖ លោកបណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្រ្តខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកបូរីជលសារ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញ ចូលរួមអបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា (៧មករា ១៩៧៩-៧ មករា ២០២៥) នៅវត្តអង្គក្រឡាញ់សែនជ័យ ស្ថិតនៅឃុំគោកពោធិ៍ ស្រុកបូលរីជសារ ខេត្តតាកែវ។
ពិធីនេះក៏មានការចូលរួមពី លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំគោកពោធិ៍ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋប្រមាណជាង៤០០នាក់។
ថ្លែងនៅក្នុងឱកាសនោះ លោកបណ្ឌិត ស៊ូ ភិរិន្ទ បានបញ្ជាក់ថា ថ្ងៃទិវាជ័យជំនះ៧មករា ជាថ្ងៃប្រវិត្តសាស្រ្ត និងជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជាចេញ ពីរបបប្រល័យពូជសាសន៍ប៉ុលពតក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្ដិភាព និង អភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខសន្ដិភាពនេះ ឲ្យបានស្ថិតស្ថិរជាអមតៈ មាន សុខសន្តិភាព ទើបមាននូវអ្វីៗដូចសព្វថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត ស៊ូ ភិរិន្ទ ក៏បានណែនាំដល់លោកអភិបាលស្រុកបូរីជលសារ ត្រូវធ្វើយ៉ាងណាការពារ ឲ្យខាងតែបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ពិសេសយកចិត្តទុកដាក់ បង្ក្រាបរាល់បទល្មើសខុសច្បាប់ផ្សេងៗ ដូចជាករណីគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសង ឲ្យអស់ក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានោះដែរ មន្រ្តីរបស់យើង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ ក៏ត្រូវពង្រឹងសមត្ថភាព ខិតខំធ្វើការងារឲ្យបានល្អ ពោលស្របតាមពាក្យស្លោកសម្ដេចតេជោ ហ៊ុន សែន ថា ក្មេងមានកម្លាំង ស្គាល់ផ្លូវ និងចាស់មានបទពិសោធន៍។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ស៊ូ ភិរិន្ទ៕