(ក្រចេះ)៖ ប្រជាពលរដ្ឋខ្មែរ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការពង្រឹងលើការអនុវត្តច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងរយៈពេលនៃរបបខ្មែរក្រហម និងសូមប្រកាសគាំទ្រផងដែរឱ្យមាន «ការបង្កើតច្បាប់ដើម្បីដាក់ជនណា និងក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិត បង្កើតចលនាប្រឆាំងជ្រុលនិយម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ បំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ជាតិ គឺជាភេវរករដែលត្រូវនាំខ្លួន មកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព»។  

ការប្រកាសគាំទ្រនេះបានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយម បានប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដោយការបង្កើតយុទ្ធនាការ «ដោះអាវបក្ស ពាក់អាវជាតិ» និងការប្រើសញ្ញាណ «ផ្ការីក» ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ជាមួយគ្នានេះ ពួកគេបានប្រើយុទ្ធសាស្ត្រចលនាតស៊ូ នៅក្រៅប្រទេស ដូចជា ការប្រើប្រាស់មនោសញ្ចេតនាជាតិនិយមពាក់ព័ន្ធនឹងទឹកដី ព្រំដែន ធនធានធម្មជាតិ និងអធិបតេយ្យជាតិ ដូចជា ករណីព្រែកជីកហ្វូណនតេជោ, CLV-DTA, កោះត្រល់, កោះគជ់, ព្រំដែនគោក, ព្រំដែនទឹក, ធនធានធម្មជាតិ, ដីសម្បទាន និងជនអន្តោប្រវេសន៍វៀតណាមជាដើម។

ក្នុងមិទ្ទីញអបអរសាទរយ៉ាងក្លៀវក្លា ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ នៅលើទឹកដីខេត្តក្រចេះ, លោករដ្ឋមន្ត្រី នេត្រ​ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានប្រកាសថា៖ «យើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ ក៏សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើការពង្រឹងលើការអនុវត្តច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើងក្នុងរយៈពេលនៃរបបខ្មែរក្រហម។ យើងខ្ញុំក៏សូមប្រកាសគាំទ្រផងដែរឱ្យមាន «ការបង្កើតច្បាប់ដើម្បីដាក់ជនណា និងក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិត បង្កើតចលនាប្រឆាំងជ្រុលនិយម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ បំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ជាតិ គឺជាភេវរករដែលត្រូវនាំខ្លួន មកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព»។  

ត្រង់ចំណុចនេះ ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា បច្ចុប្បន្ននេះ មានក្រុមអ្នកប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេសបាននឹងកំពុងប្រើប្រាស់នូវមធ្យោបាយទំនាក់ទំនងសង្គម ដើម្បីញុះញង់ព្យាយាមរាំងនូវដំណើរការ អភិវឌ្ឍជាតិរបស់កម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ។ ជាក់ស្តែងគ្រាន់តែបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ត្រូវបានក្រុមប្រឆាំងបានបង្កើត ព័ត៌មានក្លែងក្លាយជាច្រើន ដើម្បីធ្វើយ៉ាងណាវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយបានចោទប្រកាន់ថា រដ្ឋាភិបាលបានកាតខេត្តចំនួន៤ រួមមាន៖ ខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី និងមណ្ឌលគិរី ទៅឱ្យប្រទេសវៀតណាមតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នេះទៅវិញ។ ខណៈប្រជាពលរដ្ឋរស់នៅក្នុងខេត្តទាំង៤នេះ មិនមានការព្រួយបារម្ភនោះទេ ពីព្រោះពួកគាត់បានយល់ច្បាស់ និងកំពុងទទួលប្រយោជន៍ច្រើនតាមរយៈកិច្ចសហប្រតិបត្តិការនេះ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកឡើងថាដោយតែមហិច្ចតារបស់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូចដែលកំពុងជ្រកកោណនៅក្រៅប្រទេសបានប្រើលេសនេះបង្កើតការញុះញង់រហូតឱ្យមានព្រឹត្តិការណ៍ ១៨ សីហា ២០២៤ ដែលមានយុវជនមួយចំនួនតូចបានទៅតវ៉ានៅមុខព្រះបរមរាជវាំង និងតាមតំបន់ផ្សេងទៀត ហើយប្រកាសដោយចំហតែម្តង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ត្រង់ចំណុចនេះ គឺកម្ពុជា ធ្លាប់ហែលឆ្លងកាត់រួចមកហើយពោលគឺកំឡុងឆ្នាំ១៩៧០ ដែលគ្រានោះមានអ្នកនយោបាយបានញុះញង់ប្រជាជនឱ្យតវ៉ាប្រឆាំងដេញជនជាតិបរទេសចេញពីកម្ពុជា ប៉ុន្តែ បច្ចុប្បន្ននេះ ក្រុមជ្រុលនិយមនៅតែបន្តប្រើប្រាស់បញ្ហាព្រំដែន បញ្ហាជាតិសាសន៍ អន្តោប្រវេសន៍ ដើម្បីញុះញង់ប្រជាជនកម្ពុជាឱ្យងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត។

រដ្ឋមន្ត្រី នេត្រ​ ភក្ត្រា ក៏បានរម្លឹកឡើងថា ប្រជាពលរដ្ឋខ្មែរនៅតែចងចាំពីព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី ១៨ មីនា ឆ្នាំ១៩៧០ របស់ពួកសេនាប្រមុខ លន់ នល់ បានចោទប្រកាន់សម្តេច ព្រះបាទ នរោត្តម សីហនុ ថាកាត់ទឹកដីឱ្យវៀតណាម ដែលបាននាំប្រទេសឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមដ៏សន្ធោរសន្ទៅ។ បន្ទាប់មក ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កម្ពុជាបានបន្តធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ដែលពួកបនប្រល័យពូជសាសន៍ ប៉ុល ពត បានផ្តួលរំលំរបប សាធារណរដ្ឋខ្មែរ ដោយបន្តចោទប្រកាន់ថារបបនេះចូលដៃជាមួយវៀតណាមខាងត្បូង។ ក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ កម្លាំងអ្នកស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជា នៅសេសសល់ពីការកាប់សម្លាប់របស់ ប៉ុល ពត បានក្រោកឈរតស៊ូប្រឆាំងនឹងរបបព្រៃផ្សៃនេះ ប្រកបដោយវីរភាពបំផុត ដោយបានផ្តួលរំលំរបបខ្មែរក្រហម ដោយគ្រានោះក្រុមខ្មែរក្រហម និងចលនាត្រីភាគី ក៏បានញុះញង់ប្រជាជនខ្មែរ ឱ្យចូលរួមជាមួយខ្លួន ដើម្បីច្បាំងបណ្តេញវៀតណាម ចេញពីប្រទេសកម្ពុជា ចំណុចនេះ គឺជាលេសរបស់ក្រុមខ្មែរក្រហមដែលនៅសេសសល់ ដើម្បីដុតកំហឹងប្រជាជនកម្ពុជា ឱ្យស្អប់ខ្ពើមរដ្ឋាភិបាលដែលបានជួយសង្គ្រោះអាយុជីវិតពួកគាត់ពីក្រញ៉ាំពិឃាដ ប៉ល ពត។

ទន្ទឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងដំណាក់កាលកម្ពុជា សន្តិភាពនេះ មានក្រុមអ្នកប្រឆាំងជ្រុលនិយមមួយចំនួនតូចបានប្រើប្រាស់យុទ្ធសាស្ត្រដដែលនេះ ដើម្បីដុតកំហឹងប្រជាពលរដ្ឋខ្មែរ ដោយលើកយកបញ្ហាទឹកដី នៅភូមិភាគឥសាន្ត និងទិសខាងលិច ប៉ុន្តែ ផែនការខ្មៅងងឹតរបស់ក្រុមប្រឆាំងនៅតែមិនអាចទទួលបានលទ្ធផលដូចអ្វីដែលក្រុមខ្លួនចង់បាននោះទេ។ ដូច្នេះ រាល់សកម្មភាពរបស់ក្រុមប្រឆាំងបង្កើតឡើង គឺដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា តាមរយៈបដិវត្តន៍ពណ៌ រាល់ទង្វើរបស់ក្រុមប្រឆាំងមានចេតនាបំផ្លាញសុខសន្តិភាពនៅកម្ពុជា ហើយជានិច្ចកាលក្រុមប្រឆាំងតែងតែយកនូវបទពិសោធន៍នៅតាមបណ្តាប្រទេសផ្សេងៗដែលត្រូវបានផ្តួលរំលំដោយចៅហ្វាយនាយរបស់ពួកគេ ក្រុមប្រឆាំងទាំងនេះតែងតែផ្សព្វផ្សាយញុះញង់ បំផុសបំផុលឱ្យកើតមាននៅកម្ពុជាជាដើម។

គួរជម្រាបថា ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានថ្លែងថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។

ខណៈក្រសួងយុត្តិធម៌ កំពុងសិក្សាលើទិដ្ឋភាពច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ៕