(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រឡងចម្រៀង បុរាណសម័យ អបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២៥) នៅផ្សារមរតកស្រុកស្ទោង នាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

ថ្លែងទៅកាន់ប្រជាពលរដ្ឋពុកម៉ែបងប្អូនមន្ត្រីរាជការ និងបេក្ខជន បេក្ខនារី អាជីវករ នៅក្នុងមូលដ្ឋាននាឱកាសនោះ លោកបានបញ្ជាក់បន្ថែមថា ពិធីដ៏មហោឡារិកនេះ លើសពីការអបអរសាទរទិវាជ័យជម្នះលើរបបអាវខ្មៅយង់ឃ្នងដែល សម្ដេចតេជោ ហ៊ុន សែន បានបូជាសាច់ស្រស់ ឈាមស្រស់ដើម្បីប្ដូរយកនូវសុខសន្តិភាពមកជូនជាតិមាតុភូមិរហូតមកដល់ពេលបច្ចុប្បន្ននេះគឺការបង្កលក្ខណៈកម្សាន្តសប្បាយ ជួបជុំរីករាយរបស់ពុកម៉ែបងប្អូននៅក្នុងស្រុកស្ទោយនិងជិតឆ្ងាយផងដែរ។

លោកបានបន្តថា ការប្រឡងចម្រៀងបុរាណសម័យនៅក្នុងពេលនេះ គឺជាការរក្សានូវទំនៀមទម្លាប់ប្រពៃណីដែលអាជ្ញាធរ និងរដ្ឋបាលស្រុកស្ទោងតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីថែរក្សានូវវប្បធម៌ព្រមទាំង ទម្លាប់ដែលតែងធ្វើឡើងហើយ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក កុក វិទូ អគ្គនាយកផ្សារមរតកស្រុកស្ទោង ដែលបានសហការនិងផ្ដល់ទីតាំងសម្រាប់ប្រារព្ធពិធីដ៏សប្បាយរីករាយនេះឡើងផងដែរ។

ក្នុងឱកាសនោះលោកបានអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូល សូមបន្តថែរក្សាការពារសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាឱ្យខាងតែបានដើម្បីមានឱកាសអភិវឌ្ឍន៍ និងកសាងមូលដ្ឋាននិងប្រទេសជាតិឲ្យបានកាន់តែរីកចម្រើនថែមទៀត៕