(ភ្នំពេញ)៖ លោក​ ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍» និងដំណើរទស្សនកិច្ចសិក្សា ដែលរៀបចំឡើង សម្រាប់នាយកវិទ្យាល័យដែលអនុវត្តគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) ប្រធាន ម.ប.ស. និងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ចំនួន ៧២រូប ដែលអញ្ជើញមកពីវិទ្យាល័យចំនួន ១៨ នៅខេត្តតាកែវ។

វគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍» និងដំណើរទស្សនកិច្ចសិក្សា បានប្រព្រឹត្តចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញការអភិវឌ្ឍផ្នត់គំនិត ភាពជាអ្នកដឹកនាំ និងបទពិសោធន៍ក្នុងការរៀបចំសាលារៀនល្អ ដើម្បីគ្រប់គ្រង ម.ប.ស. និងវិទ្យាល័យ ឱ្យកាន់តែមានប្រសិទ្ធភាព។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

នាយកវិទ្យាល័យ ប្រធាន ម.ប.ស. និងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់សាលារៀនជំនាន់ថ្មី នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យព្រះយុគន្ធរ មជ្ឈមណ្ឌលបច្ចេកវិទ្យារបស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP Technology Center) និងក្រុមហ៊ុនអ៊ីមផេកហាប់ភ្នំពេញ (Impact Hub Phnom Penh) ដើម្បីស្វែងយល់អំពីបទពិសោធន៍នៃការគ្រប់គ្រង ភាពជាអ្នកដឹកនាំនិងសហគ្រិនភាព ការរៀបចំកម្មវិធីសិក្សានិងការបង្រៀន (ទាំងឥរិយាបថ និងចំណេះដឹង) និងការស្រាវជ្រាវនិងនវានុវត្តន៍ថ្មីៗ។

សូមបញ្ជាក់ជូនផងដែរថា គម្រោង ម.ប.ស. ត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលជំនាញឌីជីថល ដើម្បីជំរុញអក្ខរកម្មឌីជីថល និងបរិវត្តកម្មឌីជីថលនៅតាមវិទ្យាល័យសាធារណៈ ព្រមទាំងជាកន្លែងដែលអាចបម្រើដល់ការស្វែងរកសេវាសាធារណៈអនឡាញ សេវាប្រៃសណីយ៍ និងជួយគាំទ្រដល់ការលើកកម្ពស់ការអប់រំឌីជីថល និងជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ម.ប.ស. មានមុខងារចម្បងចំនួន ៤ គឺ ១) បន្ទប់កុំព្យូទ័រ (Computer Lab) ២) បន្ទប់បណ្តុះបណ្តាល (Training Room) ៣) ប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) និង ៤) សាលសាធារណៈ (Public Hall) សម្រាប់ប្រជាពលរដ្ឋនៅសហគមន៍អាចចូលប្រើប្រាស់ កុំព្យូទ័រ និងអ៊ីនធឺណិត ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងសេវាសាធារណៈអនឡាញ ជាដើម៕