(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា រាជរដ្ឋាភិបាលនៅតែផ្តោតការយកចិត្តទុកដាក់លើវិស័យកសិកម្ម ហើយផ្តល់អាទិភាពខ្ពស់លើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរអង្វែងសម្រាប់កម្ពុជា។
បើកទំព័រការងារឆ្នាំថ្មី នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីជជែកលើការងារពាក់ព័ន្ធនឹងវិស័យស្រូវអង្កររបស់កម្ពុជា។ ក្នុងជំនួបនោះ ក៏មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីពាក់ព័ន្ធក្នុងវិស័យស្រូវអង្ករ និងការធ្វើពាណិជ្ជកម្ម មានដូចជា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកដ្ឋានពន្ធដារ, លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តាមរយៈជំនួបនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់់មួយរបស់សម្តេចនាយករដ្ឋមន្ត្រីទៅលើវិស័យស្រូវអង្ករ ដែលជាវិស័យមានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងឱកាសនៃជំនួបនោះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, ការរៀបចំសម្ងួត, ការស្ដុកទុក និងការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ។
សម្ដេចមហាបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្ដេចមហាបវរធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា បន្តសហការឱ្យកាន់តែជិតស្និទ្ធិថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីជំរុញការនាំចេញផ្ទាល់ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាមួយតម្លៃបន្ថែមខ្ពស់, ក៏ដូចជាការចូលរួមផ្តល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់ប្រជាកសិករ សំដៅលើកកម្ពស់គុណភាពផលិតផល និងបង្កើនផលិតភាព ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការវិវឌ្ឍរីកចម្រើននៃផលិតកម្មស្រូវអង្ករកម្ពុជា ឱ្យបានទូលំទូលាយ។
របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៧៥,៥៦២តោន ទទួលបានចំណូល ៤១៣លានដុល្លារអាមេរិក។
ការនាំចេញអង្ករនេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៧។ ក្នុងនោះទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួន ២៨៣,៩៨១តោន គិតជាទឹកប្រាក់ចំនួន ២០៧.៥៥លានដុល្លារ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១០៩,៤៤៨តោន គិតជាទឹកប្រាក់ចំនួន ៦៩.៩៧លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ១១៣,៧៩២តោន គិតជាទឹកប្រាក់ចំនួន ៧៦.៣៤លានដុល្លារ និងទៅកាន់គោលដៅ ៣១ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៦៨, ៣៤១តោន គិតជាទឹកប្រាក់ចំនួន ៦០.០៤លានដុល្លារ។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៤.៨៥ភាគរយ ប្រភេទអង្ករស ធម្មតា ២០.១០ភាគរយ អង្ករចំហ៊ុយ ២.៩៥ភាគរយ អង្ករសរីរាង្គចំនួន ១.៨១ភាគរយ និងអង្ករផ្សេងៗចំនួន ០.២៩ភាគរយ។
ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៤,៦៤២,៥១១តោន (ស្រូវសើម) ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១,៣៧៨.៧៣លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ៨៨ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំ ការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕