(ត្បូងឃ្មុំ)៖ ក្រោយទទួលព័ត៌មាន លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រែប្រាំងរបស់ប្រជាកសិករក្នុងឃុំចំនួន២ រួមមាន៖ ឃុំអញ្ចើម ក្នុងស្រុកត្បូងឃ្មុំ និងឃុំដូនតី ក្នុងស្រុកពញាក្រែក សរុបប្រមាណជាង៣០០ហិកតា។
ការងារចុះជួយពលរដ្ឋដល់មូលដ្ឋាននេះធ្វើឡើងនាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ។
លោក ប៉ែន កុសល្យ បានលើកឡើងថា ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេសៈ និងដោះស្រាយឲ្យបានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ។
លោក ប៉ែន កុសល្យ បានគូសបញ្ជាក់ថា សម្ដេចធិបតីតែងតែបានណែនាំនិងជំរុញដល់ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប់ជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកអភិបាលខេត្តបានស្នើដល់មន្ទីរនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដឹកនាំក្រុមការងារនិងមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ដើម្បីសិក្សាអំពីស្ថានការណ៍ និងរកវិធីដើម្បីជួយសង្គ្រោះដល់ដំណាំស្រូវរបស់ប្រជាកសិករ ដែលកំពុងទទួលរងការគម្រាមកំហែងដោយសារតែការកង្វះទឹកនារដូវប្រាំងនេះ។
លោក ប៉េន កុសល្យ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ដែលកន្លងមកបានខិតខំជួយអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា ព្រមទាំងបានកសាងប្រព័ន្ធធារាសាស្ត្រជាបន្តបន្ទាប់ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋធ្វើស្រែចម្ការផងដែរ។
បើតាមលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បន្ទាប់ពីទទួលបានការណែនាំពីលោកអភិបាលខេត្ត និងមានការស្នើសុំរបស់ប្រជាពលរដ្ឋទាំង២ឃុំក្នុងការបូមទឹកសង្គ្រោះស្រូវប្រាំង ភ្លាមៗមន្ទីរធនធានទឹកបានដាក់ម៉ាស៉ីនធន់មធ្យម៦៥សែសចំនួន១គ្រឿង សម្រាប់បូមទឹកសង្គ្រោះស្រូវប្រាំង (ប្រាំងលើកទី២ លើដីវស្សា)។
លោកបន្ថែមថា ស្រែប្រជាកសិករក្នុងឃុំចំនួន២ ដែលមានផ្ទៃដីសរុបចំនួន៣០៧ហិកតាត្រូវបានសង្គ្រោះ គឺឃុំអញ្ចើម ក្នុងស្រុកត្បូងឃ្មុំ មាន០៣ភូមិ រួមមានភូមិពោធិរោង ភូមិឯអូត និងភូមិត្រាច ផ្ទៃដីចំនួន១៦០ហិកតា និងឃុំដូនតី ក្នុងស្រុកពញាក្រែក មាន៣ភូមិ រួមមាន៖ ភូមិពោធំ ភូមិអង្គរក្រៅ និងភូមិអង្គរលើ ផ្ទៃដីចំនួន១៤៧ហិកតា៕