(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតជូនប្រធានាធិបតីចិន លោក ស៉ី ជីនពីង ដោយចូលរួមរំលែកទុក្ខ ចំពោះប្រជាជនដែលស្លាប់ របួស ខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងគ្រោះរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង ភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក ស៉ី ជីនពីង មានខ្លឹមសារដូច្នេះថា «ខ្ញុំមានសេចក្តីក្រៀមក្រំក្រៃលែង ក្រោយពីបានទទួលដំណឹងអំពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ រួមទាំងការបាត់បង់អាយុជីវិតជាច្រើននាក់ ការរងរបួស ការខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ ដែលបណ្តាលមកពីគ្រោះរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង ភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងពេលវេលាដ៏សោកសៅនេះ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្តចំពោះ ឯកឧត្តម និងតាមរយៈឯកឧត្តម ជូនដល់គ្រួសារនៃជនរងគ្រោះ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការបាត់បង់ទាំងនេះ។ ខ្ញុំសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិត បានទៅកាន់សុគតិ ភព និងសូមជូនពរអ្នករងរបួសឆាប់ជាសះស្បើយឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

សូម ឯកឧត្តម មេត្តាទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕