(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា សមាជិកគណៈអចិ៍ន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពប្រារព្ធពីធីអបអរសាទរខួបអនុស្សាវរីយ៍ជ័យជម្នះលើកទី៤៦ (៧ មករា ១៩៧៩-២០២៥) នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។

ពីធីនេះធ្វើឡើងនៅ ស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រជាជនថ្នាក់កណ្តាល លោក ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ រួមទាំងសមាជិកសមាជិកាគណបក្ស សរុបប្រមាណ១២.៧៥២នាក់។

នាឱកាសនោះលោក ជា សុផារ៉ា បានអានសុន្ទរកថា ដែលមានអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្ដីពីការតស៊ូរំដោះជាតិមាតុភូមិ និងចងចាំជានិច្ច និងយល់ដឹងកាន់ តែច្បាស់ថែមទៀតអំពីប្រវត្តិ និងអត្ថន័យដ៏ថ្លៃថ្លាបំផុតនៃជ័យជម្នះ៧មករា គឺជាថ្ងៃរស់រានមានជីវិតឡើងវិញរបស់ប្រជាជាតិ និងប្រជាជនកម្ពុជា។

លោក ជា សុផារ៉ា គូសបញ្ជាក់ថា «ភាពជោគជ័យ និងការសប្បាយរីករាយរបស់ប្រជាពលរដ្ឋទាំងអស់នៅថ្ងៃនេះ គឺផ្តើមចេញពីស្មារតី៧មករា។ បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗ ដូចថ្ងៃនេះឡើយ។ នេះជាសច្ចៈធម៌ជាប្រវត្តិសាស្ត្រ»។

ស្មារតី៧មករា ចារិកជាប់ក្នុងមនសិការរបស់យើងទាំងអស់គ្នា ក៏ដូចជាប្រជាជនកម្ពុជាគ្រប់រូបនិងប្រែក្លាយទៅជាកម្លាំងមហាសាមគ្គីជាតិ ដើម្បីកសាង និងការពារមាតុភូមិកម្ពុជា ព្រមទាំងមានតម្លៃដ៏ធំធេងជា អមតៈ សម្រាប់ប្រជាជនកម្ពុជា ។ 

លោក ជា សុផារ៉ា បន្ថែមថា ឈរលើមូលដ្ឋានជ័យជម្នះ៧មករា ប្រជាជនកម្ពុជាបានដណ្តើមមកវិញនូវភាពជាម្ចាស់មាតុភូមិកម្ពុជានិងលើវាសនារបស់ខ្លួន។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧ មករាថាជា «ថ្ងៃកំណើតទី២ របស់ខ្លួន, បើគ្មានថ្ងៃទី៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ»។

ជ័យជម្នះ៧មករា ជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លេច បំភ្លៃ និងបំផ្លាញបានទ្បើយ ហើយ «មានតែអ្នកស្រទ្បាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា»៕