(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាជ្ញាធរទន្លេសាប និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅសាលប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពី សមាជិក សមាជិកា របស់អាជ្ញាធរទន្លេសាប តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងខេត្តជុំវិញតំបន់ទន្លេសាប។
អាជ្ញាធរទន្លេសាបបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល សម្រាប់សម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ទន្លេសាប។ តំបន់ជុំវិញបឹងទន្លេសាបត្រូវបានបែងចែកជាបីគឺ៖ តំបន់១ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ និង តំបន់ ៣ ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដ៏ស្មោះ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទអាជ្ញាធរទន្លេសាបទាំងអស់ ដែលបានសហការយ៉ាងល្អប្រសើរ និងយកចិត្តទុកដាក់អនុវត្តការងាររយៈពេល ១ឆ្នាំ កន្លងទៅ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានសុខដុមនីយកម្មការងារ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនកិច្ចប្រជុំ អំពីសារៈសំខាន់របស់បឹងទន្លេសាប ហើយដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់មនុស្សជាតិ តាមរយៈការផ្តល់ធនធានត្រីដ៏សម្បូរបែប និងផ្គត់ផ្គង់ធនធានទឹក ព្រមទាំងសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី និងជាទីជម្រកនៃជីវៈចម្រុះសំខាន់ៗគ្រប់ប្រភេទ ដែលមាននៅតំបន់អាស៊ីទាំងមូល។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីការតាំងចិត្ត ការប្តេជ្ញាចិត្ត និងជំហរដ៏មោះមុត ក៏ដូចជាវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ប្រកបដោយភាពម៉ឺងម៉ាត់ហ្មត់ចត់ ក្នុងការចូលរួមលើកកម្ពស់ប្រសិទ្ធភាព ការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឱ្យសម្រេចបានជោគជ័យ ជាពិសេសក្នុងការអភិរក្ស និងការអភិវឌ្ឍបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃធំធេងសម្រាប់ប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា អនុវត្តតាមការណែនាំ និងចង្អុលបង្ហាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី អាជ្ញាធរទន្លេសាប បានសហការជាមួយបណ្តាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបានបោះបង្គោលព្រំតំបន់៣ ជាថ្មីឡើងវិញចំនួន ១២២៤ចំណុច ដើម្បីការពារដែនព្រៃលិចទឹកនៅជុំវិញតំបន់បឹងទន្លេសាប។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បេ្តជ្ញា បន្តការកំណត់ដែនព្រៃលិចទឹកតំបន់បឹងទន្លេសាបរហូតដល់ចប់ ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងចីរភាព ស្របតាមគោលការណ៍ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី៦។
បច្ចុប្បន្ននេះ អាជ្ញាធរទន្លេសាបបាននិងកំពុងតែបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នជំនាញបច្ចេកទេស ជាពិសេស ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការពិនិត្យផ្ទៀងផ្ទាត់ទំហំផ្ទៃដីតំបន់ទាំងបីឡើងវិញឱ្យបានត្រឹមត្រូវ ដើម្បីធ្វើការចុះបញ្ជីដីជាសម្បត្តិរដ្ឋ និងរៀបចំនូវបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ដី និងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប ដើម្បីដាក់ស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាល សម្រាប់យកមកអនុវត្ត និងប្រើប្រាស់ជាផ្លូវការ៕