(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ដែលត្រូវជាម្តាយបង្កើតរបស់ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ដ្រមណ្ឌលព្រះវិហារ កាលពីព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០:៤០នាទីក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ មហាឧបាសិកា គង់ លាន់ ដែលត្រូវជាម្តាយ ម្តាយក្មេក ជា ជីដូន ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។

រូបកាយមហាឧបាសិកា បានបាត់បង់ទៅក៏ពិតមន ប៉ុន្តែកុសលផលបុណ្យ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងការយកអស់កម្លាំងកាយ កម្លាំងចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មានបុត្រធីតា និងចៅៗ រហូតបានក្លាយជាកុលបុត្រ កុលធីតាប្រកបដោយគន្លងធម៌របស់សង្គមជាតិនឹង ស្ថិតស្ថេរនៅក្នុងសន្តានចិត្ត ឯកឧត្តម លោកជំទាវ និងក្រុមគ្រួសារ ដែលជាកូន ជាកូនប្រសារ ជាចៅ និងញាតិមិត្ដ ជិតឆ្ងាញទាំងអស់ជានិច្ចនិរន្តរ៍។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា គង់ លាន់ សូមបានទៅសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕