(កំពង់ឆ្នាំង)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានគ្រប់គ្រងសំណល់គ្រោះថ្នាក់ មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលស្រុកទឹកផុស អាជ្ញាធរមូលដ្ឋាន ឃុំតាំងក្រសាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃអនុវិទ្យាល័យតាំងក្រសាំង និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានជាច្រើននាក់ បានចុះអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវស្អាតគ្មានសំរាមប្លាស្ទិក» នៅក្នុងមូលដ្ឋានឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក ខ្វៃ អាទិត្យា បានថ្លែងលើកទឹកចិត្តឱ្យបន្តការចូលរួមសាមគ្គីភាព ពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតាមសាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន វត្តអារាមនិងនៅតាមមូលដ្ឋាននានា សំដៅលើកកម្ពស់សោភ័ណភាព បង្កើនខ្យល់បរិយាកាសល្អ ការរស់នៅស្អាត មានអនាម័យ មានបរិស្ថានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានបន្ថែមថា ក្រសួងបរិស្ថានបានដាក់ចេញភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងបរិយាកាស គឺជាសរសរស្តមមួយ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋចូលរួមកាន់តែប្រសើរក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថួការបញ្ចេញសំរាម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ពីព្រោះសំរាម និងសំណល់ប្លាស្ទិកនេះ ប្រសិនបើមិនមានការគ្រប់គ្រងនិងកាត់បន្ថយការប្រើប្រាស់វានោះទេ វាបង្កផលប៉ះពាល់ លើបរិស្ថាននិងការរស់នៅរបស់ប្រជាជនយ៉ាងខ្លាំង។

«ប្លាស្ទិកប្រើហើយមិនងាយរលាយ ខ្លះដល់រាប់រយឆ្នាំ និងអាចរាប់ពាន់ឆ្នាំទើបរលាយ។ សារធាតុប្លាស្ទិកបានបំបែកជាភាល្អិតៗ ប៉ះពាល់ទឹក ប៉ះពាល់ដី ប៉ះពាល់ដល់ខ្យល់អាកាសប្រសិនបើយើងដុតវា ហើយវាបានចូលទៅក្នុងខ្លួនមនុស្សតាមរយៈការប្រើប្រាស់ ការបរិភោគអាហារដែលវេចខ្ចប់ និងទុកដាក់ជាមួយរបស់ប្រើប្រាស់ប្លាស្ទិកជាដើម»។ លោកអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែម។

ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកកាន់តែប្រសើរថែមទៀត គឺយើងបន្តចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាតខ្មែរធ្វើបាន» និងយុទ្ធនាការសម្អាតផ្លូវជាតិ នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានស្អាតជាប្រចាំ ព្រមទាំងចូលរួមប្រើប្រាស់សម្ភារៈជំនួសប្លាស្ទិក សម្រាប់វេចខ្ចប់អាហារ ដូចជាការប្រើប្រាស់ចានស្រាក់ជាដើម ប្រើដបទឹកផ្ទាល់ខ្លួន កុំបោះសំរាមផ្តេសផ្តាស ពាសវាលពាសកាល កុំដុតសំរាម សម្ភារប្លាស្ទិក សម្ភារកសិកម្ម ក្នុងទីលំហជាដើម ជាពិសេសការដុតគល់កញ្ជ្រាំង ទប់ស្កាត់ភ្លើងឆេះព្រៃ និងចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតង និងជួយឱ្យទីក្រុង ទីប្រជុំជន និងមូលដ្ឋានស្អាត ទាក់ទាញអ្នកទេសចរណ៍ និងវិនិយោគិនថ្មីៗបន្ថែមទៀត។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលមូលដ្ឋានស្រុកទឹកផុស និងអាជ្ញាធរនិងប្រជាពលរដ្ឋ បានចូលរួមជំរុញឱ្យយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវស្អាតគ្មានសំរាមប្លាស្ទិក» នៅក្នុងភូមិសាស្រ្តទឹកផុសនាថ្ងៃនេះ បានធ្វើការរើស ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក បានចំនួណជិត១០០គីឡូក្រាម៕