(ក្រចេះ)៖ ព្រះអង្គគ្រូ​ ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈ​កិត្តិ​យស នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះអនុគណស្រុកសំបូរ​ ខេត្តក្រចេះ និង​ជា​ព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០​ និងលោក គង់ មេត្តា អភិបាល​ស្រុក​សំបូរ ខេត្តក្រចេះ បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពពាន​រង្វាន់៧មករា ដើម្បីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា។

ការប្រកួតនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសប្រកបដោយក្តីសប្បាយរីករាយ និងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋនៅក្នុងស្រុក​សំបូរ។

ការប្រកួតនេះ ម្ចាស់ជើងឯកលេខ១ ពានរង្វាន់៧មករា ប្រចាំស្រុកសំបូរ ឆ្នាំ​២០២៥ បានទៅលើយុវជនក្រុងសម្ភុបុរៈ FC។

ព្រះអង្គគ្រូ​ ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា បានមានសង្ឃដីកាគូស​បញ្ជាក់​​ថា ការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីអបអរសាទរដល់ថ្ងៃដែលសាសនា និងប្រជាពលរដ្ឋខ្មែរ ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះ ព្រឹត្តិការណ៍នេះ ដើម្បីបង្កើតនូវព្រឹត្តិការណ៍សប្បាយរីករាយ និងបង្កើតសាមគ្គីភាពរបស់យុវជន។

ការប្រកួតនេះ ក្រៅពីការផ្តល់ពានហើយនោះ ក៏មានការផ្តល់រង្វាន់ជាថវិកា ដើម្បីលើកទឹកចិត្តក្រុមកីឡាករ​ទាំងអស់ ដែលចូលរួមបង្កើតកម្មវិធីប្រចាំស្រុកសំបូរ ប្រកបដោយស្នាមញញឹម រីករាយសប្បាយ សាទរកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព៕