(សៀមរាប)៖ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ត្រូវចូលរួមសហការ​ជាមួយក្រុមការងារចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ ដើម្បីជួយពន្លឿនការចុះវាស់វែងដីធ្លីឲ្យបានលឿន។

លោក ហ៊ី សាយ បញ្ជាក់ដូចនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន១៣ នៃឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប រួមមាន៖ ភូមិពពេល ភូមិពង្រ១ ភូមិពង្រ២ ភូមិថ្មី ភូមិសំបូរ ភូមិអូររូង ភូមិពោធិ៍ ភូមិជ័យបូរ ភូមិផ្លុង ភូមិតាព័រ១ ភូមិតាព័រ២ ភូមិអូរខ្លុង និងភូមិដងផ្អាវ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពីលោក ធូ ចន្ថុល អភិបាលរងស្រុកជីក្រែង និង​អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

លោក ហ៊ី សាយ បានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាការចុះកំណត់ព្រំដី វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ហើយធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដី ហើយផ្តល់សិទ្ធិចំពោះតែក្បាលដីណា ដែលមិនមានទំនាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ត្រូវបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ និងអត្តសញ្ញាណក្បាលដីដូចជា៖ ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសម្រេចរបស់តុលាការជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែង វិនិច្ឆ័យ ឈានចូលមកដល់ គឺដើម្បីឲ្យមន្រ្តីចុះបញ្ជី ធ្វើបាននូវភាពសុក្រឹត្យ ត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងទាំងលក្ខណៈច្បាប់ផងដែរ។

បើតាមលោក ធូ ចន្ថុល បាន​លើកឡើងថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនាពេលនេះ ដើម្បីឲ្យមានប័ណ្ណកម្មសិទ្ធស្របច្បាប់ ហើយការចុះបញ្ជីដីធ្លីនេះ គឺចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុស ត្រូវដែលប្រទេសជឿនលឿនលើពិភពលោក កំពុងអនុវត្តនិងមានប្រសិទ្ធភាព​លើការគ្រប់គ្រងដីធ្លី។

លោកបន្ថែមថា ដើម្បីឲ្យក្រុមការងារចុះបញ្ជីដីធ្លីសម្រេចបានជោគជ័យ គឺទាមទារកិច្ចសហការពីប្រជាពលរដ្ឋ ដែលជាម្ចាស់ដីផ្ទាល់ ត្រូវចូលរួមសហការចង្អុលបង្ហាញទីតាំងដី ព្រំដីផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុត ដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យឲ្យបានគ្រប់គ្រាន់តាមទម្រង់ និងតាមនិតិវិធី ដែលបានកំណត់។

ជាមួយនេះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានមកចូល និងអាជ្ញាធរមូលដ្ឋាន សូមជួយធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ដែលពុំបានចួលរួមឲ្យបានដឹង និងចូលរួមបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមឯកសារមួយចំនួន ដែលពាក់ព័ន្ធឲ្យបានគ្រប់ៗគ្នាផងដែរ៕