(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែមករា ២០២៥នេះ ក្រុមការងាររៀបចំអង្គការ​ចាត់​តាំងយុវជនគណបក្សប្រជាជនកម្ពុជា លោក នង គន្ធាវី បានដឹកនាំ​ក្រុមប្រតិ​ភូទៅចូលរួមប្រារព្ធខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នៅរដ្ឋផេនស៊ីល​វែនញ៉ា និងរដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃសហរដ្ឋអាមេរិក ដែលនិងប្រារព្ធ​ធ្វើឡើងនៅថ្ងៃទី១១ ខែមករាខាងមុខនេះ។

ផ្តល់បទសម្ភាសន៍រៀបចេញដំណើរ លោក នង គន្ធាវី ប្រធានក្រុមការ​ងារ​ទទួល​បន្ទុករដ្ឋផេនស៊ីវេនញ៉ា និងរដ្ឋញូវជេស៊ី នៃក្រុមការងាររៀបចំអង្គការ​ចាត់​តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ ក្រុមការងារយុវជនគណបក្ស​ប្រ​ជាជនកម្ពុជា នៅរដ្ឋផេនស៊ីលវែនញ៉ា និងរដ្ឋនូជីរស៊ី តំបន់ឆ្នេរខាងកើត នៃ​ស​ហ​​រដ្ឋអាមេរិក នឹងធ្វើការជួបជុំគ្នាប្រារព្ធខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ​៧មករា។

ពិធីនេះក្រុមការងារធ្វើឡើងជារៀងរាល់ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ ២០១៦​មក។ លោក នង គន្ធាវី បានឱ្យដឹងថា ការប្រារព្ធពិធីនេះ ក៏ជាពេលវលាមួយ ដើម្បីសមាជិកសមាជិកាទាំងពីររដ្ឋនេះ បានជួបជុំគ្នាក្នុងឱកាសនៃទិវាជ័យ​ជម្នះ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា។

លោក នង គន្ធាវី បន្តថា មិនថាតែនៅក្នុងប្រទេស នៅក្រៅប្រទេសនោះទេ ពលរដ្ឋខ្មែរសុទ្ធតែបានរួចរស់មានជីវិតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែល​ជា​ថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកជូ​នប្រជា​ជន​វិញ នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងឡើងវិញ និងបានកសាង​ខឿនសេដ្ឋកិច្ច​ជាតិ ឱ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក។

លោក នង គន្ធាវី បន្តថា ថ្ងៃជ័យជម្នះ៧មករា គឺជាគុណបំណាច់ដ៏ធំធេង​សម្រាប់​ជាតិ និងប្រជាជនកម្ពុជា ក្នុងរយៈពេលជាង៤០ឆ្នាំ ក្រោមការដឹក​នាំ​របស់រាជ​រដ្ឋាភិបាល ក្រោយការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោកបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោយឆ្លង​កាត់​ឧប​សគ្គ និងការលំបាកច្រើនរាប់មិនអស់ បានធ្វើឱ្យ​ប្រទេសជាតិ សម្រេចបាន​សមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។

តាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មាន​ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខ ប្រកប​ដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍៕