(ស្ទឹងត្រែង)៖ និស្សិតចំនួនជាង២០០នាក់នៃសាលាមធ្យមសិក្សាភូមិភាគស្ទឹងត្រែង ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍ App NoDrug ដែលរៀបចំនិងផ្សព្វផ្សាយដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។

លោកសាស្ត្រាចារ្យជំនួយវេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង បានលើកឡើងពីសមិទ្ធផលនានាដែលថ្នាក់ដឹកនាំ និស្សិតរួមគ្នាអនុវត្តបាននាពេលកន្លងមក ក៏ដូចជាការផ្ទេរនូវចំណេះដឹងពីសំណាក់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូដល់និស្សិត ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារផ្ដល់សេវាសុខាភិបាលនៅមូលដ្ឋាន។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណចំពោះការរួមចំណែកក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សាលា សំដៅចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បន្តទៀតថា បញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ត្រូវការចាំបាច់ការចូលរួមជួយពីគ្រប់សមាសភាពនៅមូលដ្ឋាន ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀននៅថ្នាក់មូលដ្ឋានក៏ដូចជាសហគមន៍ ហើយការចូលរួមប្រើប្រាស់និងផ្សព្វផ្សាយឱ្យប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀន គឺលោកអ្នកនឹងទទួលបានការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ហើយអ្នករាយការណ៍មានសុវត្ថិភាព ១០០% ព្រោះគ្មានអត្តសញ្ញាណរបស់អ្នករាយការណ៍នោះទេ។

ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានប្រាប់ឱ្យដឹងថា សិក្ខាកាមបានយល់ដឹងពីអ្វីទៅជាគ្រឿងញៀន? ឥទ្ធិពល និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ហេតុអ្វីគេប្រើគ្រឿងញៀន របៀបបដិសេធគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន អត្ថប្រយោជន៍នៃការប្រើប្រាស់ App NoDrug៕