(ភ្នំពេញ)៖ អស់ប្រមាណ ៧៣ឆ្នាំគត់ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលជាសមាគមពុទ្ធសាសនាដ៏ធំបំផុតនៅកម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង នៅក្នុងវិស័យពុទ្ធចក្រ ក៏ដូចជាជួយរួមចំណែកអភិវឌ្ឍវិស័យអាណាចក្រ។

នេះជាសង្ឃដីការបស់ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីចម្រើនព្រះបរិត្ត សុំពរជ័យ សិរីសួស្តី ទីស្នាក់កណ្តាល អគ្គលេខាធិការដ្ឋាន ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលទើបជួសជុលកែលម្អថ្មី។

កម្មវិធីនេះ រៀបចំក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់បំផុត សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះអធិបតីរង ពុទ្ធិកសមាគមកម្ពុជរដ្ឋ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះសមាជិកអធិបតី កិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះសមាជិកអធិបតី កិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសមាជិកអធិបតី កិត្តិយស ពុទ្ធិកសមាគមកម្ពុជរដ្ឋ និងមានការនិមន្តចូលរួមពី ព្រះថេរានុថេរៈ ព្រមទាំង សមាជិកសមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។

ព្រះសិរីកោសល សុំ សុខា បានមានសង្ឃដីកាថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ ជាមរតកដ៏សំខាន់វិសេសវិសាល របស់សម្តេចព្រះមហាសុមេធាធិបតី ជោតញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ។ តាមរយៈឯកសារពន្លឺពុទ្ធចក្រ សម្តេចព្រះសង្ឃរាជ ព្រះអង្គបានបង្កើត ពុទ្ធិកសមាគមកម្ពុជរដ្ឋឡើងតាំងពីឆ្នាំ១៩៥២ ដើម្បីបានបម្រើផលប្រយោជន៍ដល់ព្រះសង្ឃ និងពុទ្ធសាសនិក ទាំងក្នុង និងក្រៅប្រទេស។

នៅឆ្នាំ១៩៦៥ ព្រះរាជាណាចក្រកម្ពុជានៃយើងមានមហាកិត្តិយស បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលលំដាប់ថ្នាក់ដឹកនាំព្រះពុទ្ធសាសនាពិភពលោក ក្នុងកាលនោះពុទ្ធិកសមាគមកម្ពុជរដ្ឋ ឋិតក្រោមព្រះរាជកិច្ចដឹកនាំផ្ទាល់ពីសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញាណោ ទ្រង់ក៏បានប្រគល់ភារកិច្ចជូនពុទ្ធិកសមាគមកម្ពុជរដ្ឋ ជាអ្នកទទួលខុសត្រូវដោយផ្ទាល់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលនៅទីតាំងសាលសន្និសីទចតុមុខនេះ។

សាលសន្និសីទចតុមុខ បានសាងសង់ឡើង តាមព្រះរាជតម្រិះផ្តួចផ្តើមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញាណោ និងក្រោមការប្រោសប្រទានព្រះរាជឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសម្រាប់ការងារព្រះពុទ្ធសាសនា ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្នុងការរៀបចំកិច្ចប្រជុំនានា ដូចជា កិច្ចប្រជុំ អនុសំវច្ឆនៈជាដើម។

ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាអង្គការមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារមនុស្សធម៌នៅក្នុងសង្គមពុទ្ធសាសនិកកម្ពុជា។ សមាគមនេះគឺជាផ្នែកមួយដ៏សំខាន់របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាតាំងពីដើមមក ជាពិសេសនោះគឺមាន ព្រះមហាក្សត្រ និងព្រះមហាក្សត្រីយ៍ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏ទ្រង់សព្វព្រះរាជហឫទ័យ យាងប្រថាប់ជាព្រះរាជាធិបតីកិត្តិយសនៃសមាគមនេះ ជាដរាបរៀងមក។ ក្នុងនោះក៏មានថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ និងពុទ្ធសាសនិក ក្នុងប្រទេសជាច្រើនបានចូលរួមជួយឧបត្ថម្ភ គាំទ្រ លើកតម្កើង និងបានស្ម័គ្រចិត្តចូលជាសមាជិកផងដែរ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាសមាគមមួយដ៏មានសក្តានុពលផ្នែកមនុស្សធម៌ នៅក្នុងសង្គមពុទ្ធសាសនាកម្ពុជា៕