(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia-Airports) បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៉ីម៉ាញូអែល ម៉េណាន់តូ (Emmanuel MENANTEAU) សមាជិកគណៈកម្មាធិការប្រតិបត្តិអាកាសយានដ្ឋាន VINCI នាយកប្រចាំសហរដ្ឋអាមេរិក អឺរ៉ុបខាងជើង អឺរ៉ុបខាងកើត និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន SCA នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយកចិត្តទុកដាក់និងចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ដែលបានចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិយ៉ាងសំខាន់។ ក្រសួងទេសចរណ៍ក៏កំពុងធ្វើទំនាក់ទំនង និងលើកទឹកចិត្តដល់វិស័យឯកជនក្នុងវិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ដើម្បីជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ (Direct flight) និងជើងហោះហើរជួល (Charter flight) រវាងគោលដៅកម្ពុជាជាមួយគោលដៅបណ្ដាប្រទេស តំបន់ និងទីក្រុងផ្សេងៗនៅក្រៅប្រទេស។

លោករដ្ឋមន្ត្រី ហួត ហាក់ និងភាគីក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា ក៏ដូចជាក្រុមហ៊ុន SCA បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ រួមចំណែកជំរុញកំណើនក្នុងវិស័យទេសចរណ៍កម្ពុជា៕