(ស្ទឹងត្រែង)៖ លោកសាស្ត្រាចារ្យ យិត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញប្រកាសតែងតាំងមុខតំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

ពិធីនេះប្រព្រឹត្តទៅដោយមានការចូលរួមពីលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង គ្រប់ថ្នាក់ ជុំវិញរដ្ឋបាលខេត្តស្ទឹងត្រែង និងនិស្សិតសរុបជិត១០០០នាក់។

ក្នុងឱកាសនោះលោក សរ សុពុត្រា បានមានប្រសាសន៍ដោយធ្វើការវាយតម្លៃ និងកោតសរសើរចំពោះការរួមចំណែកបាននូវការបណ្តុះបណ្ដាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ហើយលោកក៏លើកឡើងពីអនុស្សាវរីយ៍ ពីវិរភាពរបស់ក្រុមគ្រូពេទ្យដែលជាទ័ពអាវសក្នុងការតស៊ូប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលស្ថានការដ៏លំបាកបំផុត និងសូមអបអរសាទរផ្តាំផ្ញើដល់លោក តាត សុវណ្ណ ដែលបានចាកចេញពីសាលា មកបម្រើការងារនៅទីនេះ រយកាលជាង២០ឆ្នាំ សូមបន្តការខិតខំប្រឹងប្រែង សម្របសម្រួល ផ្សារភ្ជាប់អង្គភាពជុំវិញខេត្ត ដឹកនាំសាលាឱ្យបន្តរីកចម្រើន ទំនើប ទាន់សម័យ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ក្លាយជាអង្គភាពគំរូ។

សាស្រ្តាចារ្យជំនួយវេជ្ជបណ្ឌិត តាត សុវណ្ណ បានថ្លែងអំណរគុណ ដឹងគុណ ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងខេត្តស្ទឺងត្រែង និងបានប្តេជ្ញាគោរពអនុវត្តម៉ឺងម៉ាត់ចំពោះរដ្ឋធម្មនុញ្ញ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ខេត្តស្ទឹងត្រែង ពង្រឹងសាមគ្គីភាព ឯកភាព តម្លាភាព គុណភាព ការបង្កើតថ្មី ប្រសិទ្ធភាពការងារ។

ក្នុងនាមលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រី ក្នុងឱកាសនោះលោក យិត ស៊ុនណារ៉ា បានថ្លែងសាទរចំពោះសមិទ្ធផលក្រោមការដឹកនាំរបស់នាយកសាលាចាស់ ឱសថការី តឹក ឡេងស៊ឺ និងបានណែនាំដល់ នាយកសាលាថ្មីវេជ្ជបណ្ឌិត តាត សុវណ្ណ ឱ្យបន្តខិតខំថែរក្សាពូនជ្រុំ រក្សានូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ចំណេះដឹងដល់និស្សិតទាំងអស់ ឲ្យទទួលបាននូវចំណេះដឹង និងមានក្រោមសីលធម៌វិជ្ជាជីវៈខ្ពស់ទាំងនៅក្នុងការរៀនសូត្រក្នុងសាលា ក៏ដូចជាពេលចប់ត្រឡប់ទៅបម្រើការងារនៅតាមមូលដ្ឋានរបស់ខ្លួនវិញក្លាយជាធនធានដ៏មានគុណភាព ប្រសិទ្ធភាព ស័កសិទ្ធភាព ចូលរួមលើកតម្កើងដល់វិស័យសុខាភិបាល៕