(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយ ខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សារាល់សមិទ្ធផល ដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧មករា ឱ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ជាពិសេស ត្រូវចូលរួមការពារសុខសន្តិភាព ដែលមានសព្វថ្ងៃដែលយើងបានមកដោយលំបាក ឱ្យនៅគង់វង្សយូរអង្វែងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យប្រទេសយើងកាន់តែអភិវឌ្ឍរីកចម្រើនថែមទៀត។

ការអំពាវនាវយ៉ាងដូច្នេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃថ្ងៃជ័យជម្នះ ៧មករា (៧ ១៩៧៩-២០២៥) នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ លោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ដឹកនាំនិងសមាជិក-សមាជិកាគណបក្ស មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ និសិ្សត សិស្សានុសិស្ស ប្រជាពលរដ្ឋ ប្រមាណជា៥ពាន់នាក់ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឡើងពីគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន នៃការរំដោះប្រជាពលរដ្ឋកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការពុះពររបស់សម្ដេចតេជោ ហ៊ុន សែន រួមនឹងឥស្សរជនសំខាន់ជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋចាត់ទុកថ្ងៃ៧មករាជាថ្ងៃកំណើតទី២ របស់ខ្លួន។

សម្តេចពិជ័យសេនា បានបន្តថា មហាជ័យជម្នះ ថ្ងៃ៧ មករា ១៩៧៩ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបានចារជាប់នៅក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប ដែលបានសង្រ្គោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់ឡើងវិញរួចផុតពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិនិងសេរីភាពគ្រប់ បែបយ៉ាង និងបានស្តារ កសាងជាតិមាតុភូមិឡើងវិញពីគំនរផេះផង់ ឆ្លងកាត់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក រហូតមានសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនភាពបំផុត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា នយោបាយឈ្នះឈ្នះ ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា ការរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នាឱកាសនេះប្រកបដោយបរិយាកាសដ៏សប្បាយរីករាយ ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០២៥០ផង​ដែរ៕