(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតវាយកូនគោល ដើម្បីមនុស្សធម៌ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប (STC) សហការជាមួយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា, រដ្ឋបាលខេត្តសៀមរាប, សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប, Angkor golf resort និង Phokeethra Country Club។
ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តចូលរូមផងដែរ។
លោក សុខុម សំអុល នាយកប្រតិបត្តិសមាគមក្លឹបទេសចរណ៍សៀមរាប (STC) បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ មានគោលបំណងសំខាន់ៗមួយចំនួន រួមមាន៖
១- ដើម្បីអបអរកីឡានៅក្នុងសន្តិភាពក្នុងរយៈពេល៤៦ឆ្នាំមកនេះ ដោយមានការអភិវឌ្ឍន៍ជាច្រើននៅក្នុងប្រទេសកម្ពុជា។
២- ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់កីឡាវាយកូនគោលនៅក្នុងប្រទេសកម្ពុជា។
៣- កម្មវិធីនេះ ក៏ដើម្បីរៃអង្គាសថវិកាគាំទ្រទៅដល់ដំណើរការអនុវត្តគម្រោងបណ្តុះបណ្តាលទៅលើសិក្ខាកាម ដែលជ្រើសរើសមកពីគ្រួសារក្រីក្រចំនួន២០០នាក់ ដែលកំពុងបណ្តុះបណ្តាលដោយសមាគមក្លឹបទេសចរណ៍សៀមរាប។
លោក សុខុម សំអុល បានបន្តថា នេះជាគម្រោងវគ្គទី២ហើយ ដែលសមាគមក្លឹបទេសចរណ៍សៀមរាប បានធ្វើការបណ្តុះបណ្តាល បន្ទាប់ពីជោគជ័យគម្រោងវគ្គទី១ នៅឆ្នាំ២០២៣ ចំនួន៣០០នាក់ សិក្សារយះពេល៦ខែ បច្ចុប្បន្ននេះ គឺទទួលបានការងារធ្វើគ្រប់ៗផងដែរ។
សូមជម្រាបថា គម្រោងនេះក៏ទទួលបានការជួយឧបត្ថម្ភ និងគាំទ្រសហហិរញ្ញាទានពីមូលនិធិ អភិវឌ្ឍជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងយុទ្ធសាស្ត្រស្តារឡើងវិញ នូវកម្លាំងពលកម្មលើវិស័យទេសចរណ៍ក្រោយជំងឺកូវីដ១៩។ ដោយមានការខ្វះខាតសមាគមន៍ ក៏បានធ្វើការគៀងគរបន្ថែមពីអាជីវកម្មទេសចរណ៍ទូទាំងប្រទេស ព្រមទាំងទទួលសិស្សរបស់សមាគមន៍ទៅហាត់ការ និងផ្តល់ការងារផងដែរ។
ជាមួយនេះដែរ សមាគមក្លឹបទេសចរណ៍សៀមរាប ក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមជាមួយសមាគមន៍ ដើម្បីឱ្យគម្រោងនៅឆ្នាំនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យផងដែរ៕