(ភ្នំពេញ)៖ បើយើងត្រឡប់ទៅមើលប្រវត្តិសាស្ត្រប្រទេសកម្ពុជា កាលពី៤៦ឆ្នាំមុន ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានដួលរលំ និងបានសង្គ្រោះអាយុជីវិតប្រជាជនប្រមាណ ៥លាននាក់ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។ ការណ៍ដែលរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានដួលរលំជាឱកាស ដែលប្រជាជនកម្ពុជាមានលទ្ធភាពកសាងប្រទេសជាតិពីបាតដៃទទេ ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។
តើមានមូលហេតុអ្វីខ្លះដែលបណ្តាលឱ្យរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩?
យោងតាមសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០ ត្រង់ជំពូកទី១២ បាននិយាយថា មានមូលហេតុយ៉ាងតិចចំនួន៣ចំណុច ដែលបណ្តាលឱ្យរបបប្រល័យពូជសាសន៍ខ្មែរក្រហមដួលរលំបន្ទាប់ពីដឹកនាំប្រទេសបានរយៈពេលតែ៣ឆ្នាំ៨ខែ២០ថ្ងៃ ដូចខាងក្រោម៖
* ចំណុចទី១៖ ការណ៍ដែលខ្មែរក្រហមបង្ខំប្រជាជនឱ្យធ្វើការងារពលកម្មតាមទីវាល និងធ្វើស្រែចំការលើសពី១០ម៉ោងក្នុងមួយថ្ងៃ និងមួយសប្តាហ៍៧ថ្ងៃ មិនមានអាហារហូបចុកគ្រប់គ្រាន់ មិនមានទឹកស្អាតប្រើប្រាស់ និងកន្លែងស្នាក់នៅសមរម្យ។ ដោយសារតែលក្ខខណ្ឌរស់នៅរបស់ប្រជាជនយ៉ាប់យ៉ឺនខ្លាំងដូច្នេះ ទើបបណ្តាលឱ្យស្ថានភាពសុខភាពរបស់ប្រជាជនចុះទ្រុឌទ្រោមខ្លាំង និងមានប្រជាជនរ៉ាប់ម៉ឺនសែននាក់បានស្លាប់ជាបន្តបន្ទាប់។
* ចំណុចទី២៖ ការចោទប្រកាន់ប្រជាជន កម្មាភិបាល និងកងទ័ពខ្លួនឯងថាបានក្បត់អង្គការបដិវត្តន៍ខ្មែរក្រហម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗ។ ការចោទប្រកាន់ប្រជាជន កម្មាភិបាល និងកងទ័ពខ្លួនឯងថាបានក្បត់នេះ គឺមានតាំងពីខ្មែរក្រហមបានឡើងកាន់កាប់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ប៉ុល ពត និងថ្នាក់ដឹកនាំខ្មែរក្រហមផ្សេងៗទៀត បានជឿជាក់ថា ការបះបោរប្រឆាំងនឹងថ្នាក់ដឹកនាំបក្សកម្មុយនីស្តកម្ពុជា កើតមានកាន់តែច្រើនឡើងៗនៅគ្រប់ទីកន្លែង ក្នុងចំណោមប្រជាជន គណៈភូមិភាគ គណៈតំបន់ គណៈស្រុក និងគណៈបញ្ជាការកងទ័ពជាច្រើនរូបត្រូវបានចាប់ខ្លួន និងសម្លាប់។ ជាពិសេស នៅពេលដែលកងទ័ពវៀតណាមវាយចូលភូមិភាគបូព៌ានៅចុងឆ្នាំ១៩៧៧ កម្មាភិបាល កងទ័ពខ្មែរក្រហមនៅភូមិភាគបូព៌ា និងប្រជាជនដែលរស់នៅភូមិភាគនេះត្រូវបានចោទប្រកាន់ថា បានចូលដៃចូលជើងជាមួយវៀតណាម ដែលបក្សកម្មុយនីស្តកម្ពុជាចាត់ទុកមនុស្សនៅភូមិភាគបូព៌ាថាមនុស្ស ក្បាលយួន ខ្លួនខ្មែរ។ ប៉ុល ពត បានបញ្ជូនកងទ័ពមជ្ឈិមជាច្រើនទៅវាយប្រហារ និងចាប់ខ្លួនកម្មាភិបាល កងទ័ព និងសម្លាប់ប្រជាជនភូមិភាគបូព៌ារាប់ម៉ឺននាក់ ជាហេតុបណ្តាលឱ្យកម្មាភិបាល កងទ័ព និងប្រជាជនរាប់ម៉ឺននាក់រត់ចូលក្នុងព្រៃងើបឡើងបះបោរប្រឆាំងនឹងរបបខ្មែរក្រហមវិញ។ ចំណែកកម្មាភិបាល កងទ័ព និងប្រជាជនមួយចំនួនទៀតបានភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីកងសាងកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា សហការជាមួយកងទ័ពវៀតណាមវាយចូលមកប្រទេសកម្ពុជានៅចុងឆ្នាំ១៩៧៨។
* ចំណុចទី៣៖ កាធ្វើសង្រ្គាមតាមព្រំដែនជាមួយប្រទេសវៀតណាម គឺជាមូលហេតុចម្បងបំផុតមួយ ដែលបណ្តាលឱ្យរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ទាប់ពីខ្មែរក្រហម បានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាប់ផ្តើមបង្កបញ្ហានៅតាមព្រំដែន ជាមួយប្រទេសវៀតណាមដណ្តើមទាំងដីគោក និងដែនកោះដែលខ្មែរក្រហមគិតជាអតីតទឹកខ្មែរត្រូវតែវាយដំណ្តើមយកមកកាន់កាប់វិញ។ ជម្លោះរវាងខ្មែរក្រហម និងវៀតណាមបានរីករាលកាន់តែខ្លំាងនៅចុងឆ្នាំ១៩៧៧ នៅពេលដែលកងទ័ពខ្មែរក្រហមបានវាយចូលទៅភូមិមួយចំនួនក្នុងខេត្តតៃនីញ និងខេត្តអានយ៉ាងរបស់ប្រទេសវៀតណាម បានសម្លាប់ប្រជាជនស៊ីវិលវៀតណាមអស់រាប់រយនាក់។ បន្ទាប់មក វៀតណាមបានវាយចូលក្នុងខេត្តស្វាយរៀង និងតំបន់ត្រើយខាងកើតទន្លេមេគង្គនៃខេត្តកំពង់ចាម រយៈពេលប្រមាណមួយខែ នៅចុងឆ្នាំ១៩៧៧។ បន្ទាប់មករបបខ្មែរក្រហម បានប្រកាសផ្តាច់ទំនាក់ទំនងការទូតទាំងស្រុង រវាងរបបខ្មែរក្រហម និងប្រទេសវៀតណាម នៅដើមឆ្នាំ១៩៧៨។ ខ្មែរក្រហម បានបដិសេធ ក្នុងការចរចារជាមួយប្រទេសវៀតណាម ខ្មែរក្រហមក៏បានបញ្ជូនកងទ័ពបន្ថែមទៅកាន់ព្រំដែនកម្ពុជា វៀតណាម។ កងទ័ពខ្មែរក្រហម ដែលបញ្ជូនទៅធ្វើសង្រ្គាមតាមព្រំដែន ជាមួយប្រទេសវៀតណាម បានកើនឡើងរហូតដល់ចំនួន ១៩កងពល។
នៅថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ១៩៧៨ ប្រទេសវៀតណាម បានបើកប្រតិបត្តិការជាទ្រង់ទ្រាយធំវាយចូលប្រទេសកម្ពុជា ដោយប្រើប្រាស់កងកម្លាំងរបស់អង្គភាពទ័ពលេខ២ លេខ៣ លេខ៤ យោធភូមិភាគទី៥ ទី៧ ទី៩ រួមជាមួយអង្គភាពទ័ពផ្សេងទៀត សហការជាមួយកងកម្លាំងរណសិ្សរសាមគ្គីសង្រ្គោះកម្ពុជា ដែលមានកងកម្លាំងសរុបប្រមាណ២០ម៉ឺននាក់។ កងទ័ពវៀតណាម បានប្រើប្រាស់រថពាសដែកប្រមាណ៦០០គ្រឿង កាំភ្លើងធំចំនួនប្រហែល៤០០ដើម យន្តហោះដឹកសម្ភារៈសឹក ស្បៀងថ្នាំពេទ្យ និងយន្តហោះចម្បាំងចំនួន១៣៩គ្រឿង និងរថយន្តប្រមាណ១ម៉ឺនគ្រឿងទៀត ។
កងទ័ពវៀតណាម ស្ថិតក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ ឡេ ចុង ទិន (Le Trong Tan) នាយអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាមេបញ្ជការប្រចាំសមរភូមិក្នុងប្រទេសកម្ពុជា។
មុខព្រួញដែលកងទ័ពវៀតណាម និងកងកម្លាំងរណសិ្សរសាមគ្គីសង្រ្គោះជាកម្ពុជាវាយចូលមកក្នុងប្រទេសកម្ពុជាមានដូចខាងក្រោម៖
* មុខព្រួញទី១៖ កងកម្លាំងរបស់យោធភូមិភាគទី៥ រួមមានកងពល៣០៧ កងពល៣០៩ និងកងពលតូចដាក់កុង១៩៨ និងអង្គភាពកងទ័ពផ្សេងទៀត ដឹកនាំដោយឧត្តមសេនីយ៍ ដ័ន ឃ្វេ (Doan Khue) មេបញ្ជាការយោធភូមិភាគទី៥បានចាប់ផ្តើមដឹកនាំកងកម្លាំងចេញពីខេត្តកន្ទុំ-យ៉ាឡាយ វាយចូលតាមច្រកព្រំដែនអូរដាវ ខេត្តរតនគិរី និងបានកាន់កាប់ខេត្តរតនគិរីទាំងស្រុងតាំងពីចុងខែ១២ ឆ្នាំ១៩៧៨។ នៅថ្ងទី២៥ ខែឆ្នូ ឆ្នាំ១៩៧៨ កងកម្លាំងរបស់យោធភូមិភាគទី៥បានបន្តធ្វើដំណើរឆ្លងកាត់ទន្លេស្រែពកនឹងបែងចែកកម្លាំងជាពីផ្នែក គឺមួយផ្នែកវាយចូលកាន់កាប់ខេត្តមណ្ឌលគិរី និងមួយផ្នែកទៀតវាយកាន់កាប់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។
* មុខព្រួញទី២៖ នៅដើមខែ១២ ឆ្នាំ១៩៧៨ កងកម្លាំងយោធភូមិភាគទី៧ រួមមានកងពលលេខ៥ កងពល៣០២ កងពល៣០៣ និងអង្គភាពកងទ័ពផ្សេងទៀត ដឹកនាំដោយ ឧត្តសេនីយ៍ ឡេ ឌឹក អញ (Le Duc Anh) មេបញ្ជាការយោធភូមិភាគទី៧បានចាប់ផ្តើមចេញពីខេត្តសុងប៊ែតាមផ្លូវជាតិលេខ១៣របស់វៀតណាម សហការណ៍ជាមួយកងកម្លាំងរណសិ្សរសាមគ្គីសង្រ្គោះជាកម្ពុជាមួយកងវរសេនាតូចបានវាយចូលតាមស្នួល ឆ្ពោះមកផ្លូវជាតិលេខ៧ ចូលកាន់កាប់ ស្រុកសំបូរ និងខេត្តក្រចេះនៅថ្ងៃទី២៩ ខែ១២ ឆ្នាំ១៩៧៨។ កងកម្លាំងយោធភូមិភាគទី៧ បានបន្តឆ្លងទៅត្រើយខាងលិចទន្លេមេគង្គឆ្ពោះទៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប និងបាត់ដំបង។
* មុខព្រួញទី៣៖ នៅថ្ងៃទី៣១ ខែឆ្នូ ឆ្នាំ១៩៧៨ អង្គទ័ពលេខ៣ រួមមានកងពលលេខ១០ កងពល៣១កងពល៣២០ និងអង្គភាពកងទ័ពផ្សេងទៀត ដឹកនាំដោយ ឧត្តសេនីយ៍ ង្វៀន គីមទន់ (Ngyuen Kim Tuan) មេបញ្ជាការអង្គទ័ពលេខ៣ បានដឹកនាំកងកម្លាំងចេញដំណើរពីខេត្តតៃនីញ វាយចូលខេត្តកំពង់ចាមត្រើយខាងកើតទន្លេមេគង្គ (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បន្ទាប់មកកងម្លាំងអង្គទ័ពទី៣ បានបែងចែកកម្លាំងជាពីរផ្នែក ដោយមួយផ្នែកវាយកាន់កាប់ខេត្តព្រៃវែង និងមួយផ្នែកទៀតបានបន្តមកទន្លេបិទឆ្លងមកត្រើយខាងលិចទន្លេមេគង្គនៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៧៩ ដើម្បីវាយចូលមកទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
* មុខព្រួញទី៤៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៩ អង្គភាពទ័ពលេខ៤ រួមមានកងពលលេខ៧ កងពលលេខ៩ កងពលលេខ៣៤១ និងអង្គភាពផ្សេងទៀត ដឹកនាំដោយឧត្តមសេនីយ៍ ហ័ង កឹម (Hoang Cam) មេបញ្ជាការអង្គទ័ពលេខ៤ បានដឹកនាំកងទ័ពចេញដំណើរពីខេត្តតៃនីញ វាយចូលមកកាន់កាប់ខេត្តស្វាយរៀង។ បន្ទាប់មក កងទ័ពមួយផ្នែកទៀតបន្តតាមផ្លូវជាតិលេខ១ ឆ្ពោះទៅអ្នកលឿង នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩ និងឆ្លងទន្លេមេគង្គមកត្រើយខាងលិច បានវាយសម្រុកចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
* មុខព្រួញទី៥៖ នៅថ្ងៃទី៣១ ខែ១២ ឆ្នាំ១៩៧៨ កងកម្លាំងយោធភូមិភាគទី៩ រួមមានកងពលលេខ៤ កងពលលេខ៣៣០ កងពល៣៣៩ និងអង្គភាពកងទ័ពផ្សេងទៀត ដឹកនាំដោយឧត្តមសេនីយ៍ ង្វៀន ចាញ់ (Nguyen Chanh) មេបញ្ជាការយោធភូមិភាគទី៩ សហការជាមួយអង្គភាពទ័ពលេខ២ (កងពល៣០៤ កងពល៣២៥ និងអង្គភាពកងទ័ពផ្សេងទៀត) ដឹកនាំដោយឧត្តមសេនីយ៍ ង្វៀន ហ៊ីវ អាន (Nguyen Huu An) និងឧត្តមសេនីយ៍ ឡេ លីញ (Le Linh) ថ្នាក់ដឹកនាំអង្គទ័ពលេខ២ បានដឹកនាំកងទ័ពចេញដំណើរពីខេត្តអានយ៉ាងវាយចូលមកកាន់កាប់ខេត្តតាកែវតាមផ្លូវជាតិលេខ២។ បន្ទាប់មកបានបន្តវាយតាមផ្លូវលេខ២ ចូលមកទីក្រុងភ្នំពេញ។ កងកម្លាំងយោធភូមិភាគទី៩ និងអង្គភាពទ័ពលេខ២ ក៏ជាកងកម្លាំងបម្រុងត្រៀមជួយអង្គភាពទ័ពលេខវាយចូលទីក្រុងភ្នំពេញ ក្នុងករណីជួបប្រទះនឹងឧបគ្គសខ្លាំង។ កងកងកម្លាំងយោធភូមិភាគទី៩ ក៏បានវាយចូលកាន់កាប់ខេត្តកំពត បន្តមកខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងផ្នែកខ្លះនៃខេត្តបាត់ដំបង។
* មុខព្រួញទី៦៖ កងទ័ពជើងទឹកនៃកងទ័ពប្រជាជនវៀតណាមរួមមានកងពលតូចលេខ១២៦ និងកងពលតូចលេខ១០១ បានចេញដំណើរតាមនាវាចម្បាំងជាច្រើនគ្រឿង ពីស្រុកហាទៀន ខេត្តទៀតយ៉ាង វាយចូលមកកំពង់ផែរាម និងកំពង់ផែកំសោម។ ក្នុងនោះ ក៏មានការជួយអន្តរាគមន៍កងទ័ពជើងអាកាសនៃកងទ័ពប្រជាជនវៀតណាមបានមកទម្លាក់គ្រាប់បែកនៅតាមសមរភូមិ តាមផ្លូវលេខ១ មកអ្នកលឿង និងការទម្លាក់គ្រាប់បែកនៅកំពង់ផែរាម និងកំពង់សោមជាដើម។ បើយោងតាមឯកសារសារព័ត៌មានវៀតណាម ការប្រយុទ្ធគ្នាចន្លោះពីថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ១៩៧៨ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩ មានកងទ័ពប្រជាជនវៀតណាមចំនួនប្រមាណ ៣២០០នាក់ បានស្លាប់ និងរបួស( ស្លាប់ប្រហែល ១០០០នាក់)។ ចំណែក កងទ័ពវៀតណាមរាប់រយនាក់ ត្រូវបានកងទ័ពខ្មែរក្រហមចាប់បាន៕