(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកស្រី នួន វិធាវី នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំសហការី និងក្រុមគ្រួសារកងទ័ព នាំយកបច្ច័យ និងទេយ្យទាន ប្រគេនសម្រាប់ផ្គត់ផ្គង់ទំនុកបម្រុងដល់បេក្ខសមណសិស្ស ព្រះសង្ឃ និងគណៈមេប្រយោគទាំងអស់ និមន្តអញ្ជើញមកកែ និងប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរងចំនួន ៥៣៤អង្គ/នាក់ នៅសាលាពុទ្ធិកៈបឋមសិក្សា ក្នុងបរិវេណវត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំ ស្ថិតនៅក្នុងសង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

នាឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ជានិច្ចកាលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ តែងតែផ្សារភ្ជាប់ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីជួយកសាងសមិទ្ធផលនានានៅក្នុងទីអារាម នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ។ ជាមួយនោះដែរក៏តែងតែបាននាំយកនូវទេយ្យទាន និងបច្ច័យ សម្រាប់ផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងដោះស្រាយការហូបចុក ជូនលោកយាយលោកតា ដែលស្នាក់អាស្រ័យនៅតាមពីអារាមមួយចំនួន ដែលមានការខ្វះខាត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃនេះ ថ្នាក់ដឹកនាំ រួមជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានមូលមតិគ្នា​ជាឯកច្ឆន្ទនាំយកទេយ្យទានរួមមានអង្ករចំនួន ៥០០គីឡូក្រាម មីជាតិចំនួន១០កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១០យូរ ត្រីខកំប៉ុងចំនួន២០យួរ ទឹកបរិសុទ្ធចំនួន ១០កេស និងបច្ច័យមួយចំនួន សម្រាប់ប្រគេនព្រះសង្ឃ ដើម្បីផ្គត់ផ្គង់ចង្ហាន់ដល់សមណៈសិស្សចំនួន៥៣៤ព្រះអង្គ/នាក់ ដែលគង់ស្នាក់នៅត្រៀមប្រលងទទួលយកវិញ្ញាបនបត្រ ពុទ្ធិកៈបឋមសិក្សាបាលីរងនៅពេលខាងមុខនេះ ។

ព្រះតេជគណព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី ព្រមទាំងសហការី នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដែលតែងតែនាំយកបច្ច័យទេយ្យទាន​មកប្រគេនផ្គត់ផ្គង់​ចង្ហាន់ព្រះសង្ឃ និងកសាងសមិទ្ធផលនានាជាច្រើននៅក្នុងទីអារាមនៅវត្តឥន្ទ្រីសំវរះនេះ ក្នុងពេលដែលព្រះសង្ឃគង់នៅជាង៥០០អង្គ/នាក់ ត្រៀមប្រលងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង នៅពេលខាងមុខ ហើយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ បានជួយឧបត្ថម្ភដោះស្រាយនូវរាល់ការលំបាកនេះ​ ដែល​មិន​អាច​បំភ្លេច​បាន​ ។

ព្រះតេជគណព្រះទេពសត្ថា សៀង សុខ ជូនពរដល់ អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕