(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារដើម្បីដោះស្រាយបញ្ហាសំណង់បណ្តោះអាសន្នមិនរៀបរយមួយចំនួន នៅជាប់បរិវេណរបងវត្តវិបុលត្ថារាម (ហៅវត្តកណ្តាល) ស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងនៅកន្លែងផ្សេងៗទៀត។
កិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់ សមត្ថកិច្ចមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានណែនាំឲ្យអភិបាលក្រុង និងអាជ្ញាធរពាក់ព័ន្ធខិតខំទប់ស្កាត់មិនត្រូវឲ្យមានសំណង់បណ្តោះអាសន្ន មិនរៀបរយមិនបន្តឲ្យកើតមានឡើងនៅក្នុងក្រុងបាត់ដំបងថែមទៀតនោះទេ ដោយសាររដ្ឋបាលខេត្តបាត់ដំបង មានគម្រោងរៀបចំអភិវឌ្ឍន៍កសាងសមិទ្ធផលនានា និងកែលម្អទីក្រុងសាងសង់ខឿនចិញ្ចើមផ្លូវ សួនច្បារ ផ្លូវដើរថ្មើរជើងផ្លូវជិះកង់ ទីធ្លាហាត់កីឡា កន្លែងលក់ដូរនៅតាមទីតាំងជាក់លាក់មួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
លោកបន្ដថា ការរៀបចំនេះដើម្បីអភិវឌ្ឍន៍ក្រុងបាត់ដំបង ឲ្យមានសោភ័ណភាព ស្រស់បំព្រង ស្អាត អនាម័យ បរិស្ថានល្អ ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមរក្សា វប្បធម៌ ប្រពៃណី និងទេសចរណ៍ ប្រកបដោយមានការទាក់ទាញផងដែរ៕