(ភ្នំពេញ)៖ ផលិតកម្ម Daubai Production មកពីប្រទេសកាហ្សាក់ស្ថាន និងតារាល្បីៗប្រចាំកាហ្សាក់ស្ថាន បានធ្វើដំណើរមកថតខ្សែភាពយន្តនៅប្រទេសកម្ពុជា ដែលនេះជាលើកដំបូងហើយដែលកាហ្សាក់ស្ថាន ជ្រើសរើសកម្ពុជាសម្រាប់ថតខ្សែភាពយន្តរបស់ខ្លួន។
ក្រុមការងារផលិតកម្ម Daubai Production និងតារាល្បីៗទាំងនោះបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Laurence ERBS នាយិកាគ្រប់គ្រងក្រុមហ៊ុនព្រលានយន្តហោះ។
ការថតខ្សែភាពយន្តនេះមានការចូលរួមពីក្រសួងទេសចរណ៍ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ និងក្រុមការងារផលិតកម្ម Daubai Production ចំនួន៣៧រូប រួមមាន៖ តារាល្បីៗប្រចាំប្រទេសកាហ្សាក់ស្ថានចំនួន១០រូប ដែលម្នាក់ៗមានអ្នកគាំទ្រផ្ទាល់ខ្លួនជាងមួយលាននាក់ គ្រោងនឹងផលិតវីដេអូភាពយន្តនៅកម្ពុជាស្តីពីដំណើរកម្សាន្តរបស់គូស្នេហ៍ចំនួន៥គូ ពីប្រទេសកាហ្សាក់ស្ថានមកទស្សនាប្រទេសកម្ពុជា។
ការថតភាពយន្តនេះ នឹងចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់គោលដៅទេសចរណ៍ផ្សេងៗទៀត ជាពិសេសនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និងនេះជាលើកទី១ ដែលប្រទេសកាហ្សាក់ស្ថានជ្រើសរើសកម្ពុជាសម្រាប់ថតខ្សែភាពយន្ត ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាពល្អក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈសង្គម ស្អាត បៃតង និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ពិសេសសន្តិសុខសុវត្ថិភាព ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីទីតាំងដែលមានសក្តានុពលទេសចរណ៍កម្ពុជាទៅលើឆាកអន្តរជាតិ៕