(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រឹកផលិតកម្មទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤១៤គម្រោង ក្នុងទុនវិនិយោគចំនួន៦.៩លានដុល្លារអាមេរិក និងបង្កើតការងារបានប្រមាណ៣២ម៉ឺនកន្លែង ក្នុងនោះវិស័យឧស្សាហកម្មបានរួចចំណែករហូត៦៩%នៃការវិនិយោគសរុប។
លោក ជា វុទ្ធី គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលជាតំបន់អភិវឌ្ឍថ្មីក្រោមកិច្ចសហការរវាងដៃគូវិនិយោគសំខាន់ៗ អភិវឌ្ឍលើផ្ទៃដីទំហំជាង៨០០ ហិចតា នៅក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។
លោកបានលើកឡើងថា នេះជាលើកទី១ ដែលបានបំបែកកំណត់ត្រាប្រចាំឆ្នាំដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការអនុម័តចំនួនវិនិយោគក្នុងរយៈពេលមួយឆ្នាំនេះដែលមានរហូតដល់ជាង៤០០គម្រោង។
លោកបន្ថែមថា «ជារួមនៅក្នុងឆ្នាំ២០២៤នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
លោកបានគូសបញ្ជាក់បន្តថា វិស័យឧស្សាហកម្មនៅកម្ពុជា នៅតែជាវិស័យឈានមុខដែលបានស្រូបទាញការវិនិយោគច្រើន នៅក្នុងឆ្នាំ២០២៤ ដោយបានចូលចំណែករហូតដល់ ៦៩%នៃទុនវិនិយោគសរុប គឺប្រមាណ ៤.៧ពាន់លានដុល្លារ។
ទន្ទឹមគ្នានេះ លោកបានបន្ថែមចំណុចគួរឱ្យកត់សម្គាល់ផងដែរថា ក្នុងឆ្នាំ២០២៤ គណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័ត គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតទៅដល់១០គម្រោង ក្នុងទុនវិនិយោគរហូតដល់៨៥០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៤ពាន់កន្លែង ។
លោកបន្តថា លំហូរវិនិយោគកម្ពុជាក្នុងឆ្នាំ២០២៤ ដែលមានកំណើនដ៏ខ្លាំងខ្លានេះ គឺជាសក្ខីកម្មនៃការដឹកនាំដ៏ខ្ពស់ខ្ពង់លើកគន្លងមាគ៌ាដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕