(ភ្នំពេញ)៖ ពីប្រទេសជប៉ុននៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥នេះ លោក ហៃ វណ្ណា អតីតមេចលនាយុវជនអតីតបក្សសង្គ្រោះជាតិ ប្រចាំប្រទេស​ជប៉ុន បានចេញវីដេអូឃ្លីបមួយនិយាយពីជំហរនយោបាយ និងព័ត៌មានមួយ​ចំនួន​នៅពេលលោកចូលជួបសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ។ លោក ហៃ វណ្ណា ក៏បានបង្ហាញទស្សនៈរបស់លោកជុំវិញការធ្វើឃាតកម្ម​លោក លិម គឹមយ៉ា ផងដែរ។

ពាក់ព័ន្ធរឿងនយោបាយលោក ហៃ វណ្ណា បានប្រកាសឈប់ជ្រកកោណ​ជាមួយបក្សប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលសាបព្រោះតែ​មនោ​គមន៍វិជ្ជានយោបាយជ្រុលនិយម ដែលនាំឱ្យខ្មែរបែកបាក់គ្នាទៀតហើយ។ សម្រាប់ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ​២០​២៤កន្លងទៅ លោក ហៃ វណ្ណា បានឱ្យដឹងថា ក្នុងជំនួបរយៈពេលជាងពីរ​ម៉ោងនោះ លោកបានស្តាប់សម្តេចតេជោមានប្រសាសន៍ពីការប្រឹងប្រែងផ្សះ​ផ្សារវាងសម្តេច ជាមួយលោក សម រង្ស៊ី តាមរយៈវប្បធម៌សន្ទនា រហូតដល់​ការចូលរួមពិធីបុណ្យចូលឆ្នាំថ្មីជាមួយគ្នានៅខេត្តសៀមរាប និងគំនិត​ជួយ​ជ្រោមជ្រែងបង្កើតទូរទស្សន៍របស់បក្សប្រឆាំង ពីសំណាក់លោកស្រី ហ៊ុន ម៉ាណា ជាដើម។ ប៉ុន្តែជាការសោកស្តាយវប្បធម៌ចាប់ដៃជាន់ជើង របស់​លោក សម រង្ស៊ី ធ្វើឱ្យនយោបាយផ្សះផ្សាត្រូវប្រេះឆាទៅវិញ។

ក្រៅពីលើកឡើងបញ្ហាខាងលើនេះ លោក ហៃ វណ្ណា ក៏បានឆ្លៀតលើក​បង្ហាញ​​ទស្សនៈរបស់លោក លើហេតុការណ៍ឃាតកម្មលោក លិម គឹមយ៉ា អតីតអ្នកតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិផងដែរ។ លោក ហៃ វណ្ណា បានគូសរំលេចថា ហេតុការណ៍ឃាតកម្មនេះ មិនមានអ្វីជាប់ទាក់​ទងជាមួយរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។ លោកមើលឃើញថា រាជរដ្ឋា​ភិបាលកម្ពុជា កំពុងប្រឹងប្រែងយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍ ហើយក៏​កំពុង​​ទទួលបានការគាំទ្រពីប្រជាពលរដ្ឋផងដែរ។ សម្រាប់សមរភូមិរបស់​ក្រុម​ប្រឆាំងនៅលើទឹកដីកម្ពុជា ក៏មិនមានអានុភាពអ្វី ដែលធ្វើឱ្យស្រអាប់ និងប៉ះពាល់ដល់ប្រជាប្រិយភាព និងការដឹកនាំរបស់រាជរដ្ឋាភិបាលនោះដែរ។

លោក ហៃ វណ្ណា បានបង្ហាញការជឿជាក់ថា រាជរដ្ឋាភិបាលគ្មានផល​ចំណេញ ហើយក៏គ្មានហេតុផលអ្វីទៅកម្ចាត់លោក លិម គឹមយ៉ា ដែល​មិន​បានធ្វើសកម្មភាពអ្វីប៉ះពាល់ដល់រាជរដ្ឋាភិបាលនោះឡើយ។

អតីតមេចលនាយុវជនក្រុមប្រឆាំងនៅប្រទេសជប៉ុនរូបនេះ ទទូចឱ្យពលរដ្ឋ​ខ្មែរពិចារណាឱ្យបានល្អិតល្អន់លើឃាតកម្មលោក លិម គឹមយ៉ា ដើម្បីកុំឱ្យ​ចាញ់ឱបាយកលរបស់ជនទុច្ចរិតណាមួយ ដែលនាំទៅដល់ការធ្វើឱ្យខូចខាត​ប្រយោជន៍របស់ខ្មែរ៕