(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងកត់សម្គាល់ថា ក្នុងបរិបទពិភពលោកនៃការវិវត្តបច្ចេកវិទ្យាដ៏ទំនើបនេះ បើយើងនិយាយអំពីគំនិតជាតិនិយមរបស់ប្រជាពលរដ្ឋខ្មែរពីនាយសមុទ្រ ក្នុងស្មារតីស្នេហាជាតិ មាតុភូមិ ដែលជីវិតរស់របស់ពួកគេបានសេសសល់ពីការកាប់សម្លាប់របស់របបខ្មែរក្រហម និងមានឱកាសបានរត់ភៀសខ្លួនកាលពីទសវត្សឆ្នាំ១៩៨០ បានទៅតាំងទីលំនៅផ្ញើខ្លួននៅប្រទេសអាមេរិក, អូស្រ្ដាលី, កាណាដា និងបារាំង-សហគមន៍អឺរ៉ុប ជាទឹកដីមានសន្ដិភាព និងអភិវឌ្ឃដ៏ជឿនលឿនមក។

សព្វថ្ងៃនេះយើងសង្កេតឃើញថា មានខ្មែរខ្លះ បាននិងកំពុងបញ្ចេញវោហាសាស្រ្ដនូវគំនិតជាតិនិយមជ្រុល ក្នុងការបណ្ដុះគំនិតបង្កើតកំហឹងដោយគគ្រាត ជះសម្អប់ និងជេរប្រមាថកាតទានមកលើវិស័យព្រះពុទ្ធសាសនា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ យ៉ាងអសុរោះនិងព្រៃផ្សៃបំផុតមកលើជាតិសាសន៍ខ្លួនឯង យ៉ាងពុះកញ្ជ្រោល កងរំពងក្នុងបណ្ដាញសង្គម និងបានបោកបក់ទៅលើមាតុភូមិ ដែលធ្លាប់តែរងអភ័ព្ទរបស់ខ្លួនយ៉ាងសន្ធោសន្ធៅបំផុត ដោយគ្មានក្រែងរលាកចិត្តដល់ជាតិសាសន៍ខ្លួនឯងឡើយ។

លោក រ័ត្ន សណ្តាប់ បានបន្ដថា មូលហេតុបណ្ដាលឲ្យមានគំនិតជាតិនិយមជ្រុលយ៉ាងពុះកព្ជ្រោលនេះបានកើតទ្បើង គឺក្រោយពីមានការផ្លាស់ប្ដូរទីលំនៅរត់ចោលស្រុក នៅទសវត្សឆ្នាំ១៩៨០ បន្ទាប់ពីរបបវាលពិឃាតបានដួលរលំ ស្របជាមួយនិងការរីកចម្រើននៃបច្ចេកវិទ្យា ក្រោយពីទសវត្សឆ្នាំ ២០០០មក ក៏បានបង្កើតឲ្យមានជាតិនិយម និងជាតិនិយមជ្រុល។ ក្នុងនោះ ប្រភេទជាតិនិយមជ្រុល ភាគច្រើនមាននៅលើទំព័រអុិនធើរណេត បណ្ដាញសង្គម ដោយគ្រាន់តែមនុស្សខ្លះ អង្គុយពីមុខកាមេរ៉ាអេក្រង់ទូរស័ព្ទដៃ ឬកុំព្យូទ័រ របស់ពួកគេនៅពេលទំនេរ ដោយហូបបាយ ឬកាហ្វេ ឬហាត់ប្រាណបណ្ដើរ និងធ្វើការLive ផ្ទាល់ពីមុខកាមេរ៉ាអេក្រង់ទូរស័ព្ទដៃ ឬឧបករណ៍អាចLiveបានរបស់ពួកគេ ដែលមានចម្ងាយរាប់ពាន់ រាប់មុឺនគីឡូម៉ែត្រពីប្រទេសកំណើតរបស់ខ្លួន ហើយនិយាយបូរបាច់ប៉ប៉ាច់ប៉ប៉ោច ឬសរសេរសារផុសក្នុងបណ្ដាញសង្គមតាមទំនើងចិត្ត ដោយពុំបានឆ្លុះបញ្ចាំងអំពីតថភាពពិតៗជាក់ស្តែងរបស់សង្គមពិតក្នុងប្រទេសទ្បើយ។ ព្រោះពួកគេបានឃ្លាតចាកចោលពីសង្គមរបស់ខ្លួនអស់ជាច្រើនឆ្នាំដ៏យូរលង់មកហើយ។

ក្នុងទង្វើរបស់ពួកនេះ បើយើងគ្រាន់តែមើលនិងស្ដាប់ពួកគេលំៗទៅ គឺហាក់ដូចជាពួកគេពិតជាមានភាពស្មោះត្រង់និងស្នេហាជាតិខ្លាំងសម្បើមណាស់ តែបើពិនិត្យមើលឲ្យមែនទែនទៅ ហើយស្តាប់ពួកគេដោយបេះដូង គឺពួកគេកំពុងក្លាយទៅជាអ្នកជាតិនិយមជ្រុលទៅវិញ ដោយពួកគេបាននិងកំពុងបណ្ដុះគំនិតបង្កើតកំហឹង ជះសម្អប់ និងលាបពណ៌ ខ្មែរគ្នាឯងដើម្បីបែងចែកជាពណ៌សម្បុរ មកលើជាតិសាសន៍ខ្លួនដ៏គួរឲ្យហួសចិត្ដទៅវិញ។ មូលហេតុប្រហែលជាមកពីពួកគេបានភ្លេចកំណើតពីទុក្ខលំបាកវេទនារបស់ខ្លួនពីអតីតកាល បន្ទាប់ពីពួកគេបានរត់ទៅជ្រកកោននៅប្រទេសមានសន្ដិភាព បានទទួលយកសញ្ជាតិបរទេស មានមោទនភាពយ៉ាងអស្ចារ្យក្រៃ។

ក្នុងបរិការណ៍នេះ លោក រ័ត្ន សណ្តាប់ យល់ថា ចំពោះគំនិតជាតិនិយមជ្រុលប្រភេទថ្មីនេះ គឺជាប្រភេទមេរោគថ្មី មួយដ៏កាចសាហាវកំពុងបោកបក់និងបញ្ជ្រៀបចូលស្មារតីកូនខ្មែរមួយចំនួនដ៏គួរឲ្យគ្រោះថ្នាក់បំផុត និងដល់ជាតិមាតុភូមិខ្លួនដែលធ្លាប់តែរងអភ័ព្ទ។ ព្រោះតែពួកគេគិតថា ពួកគេបានរស់នៅក្នុងប្រទេសមានសន្ដិភាព សុវត្ថិភាព និងពោពេញដោយផាសុកភាព ហើយពួកគេអាចប្រើប្រាស់ទ្រព្យសម្បត្តិរបស់ពួកគេដោយផ្ញើជាថវិកា សម្រាប់យុទ្ធនាការផ្សព្វផ្សាយពីរឿងអវិជ្ជមាន និងវាយប្រហារទៅលើប្រទេសកំណើតរបស់ខ្លួនតាមទំនើងចិត្ដ។ ក្នុងគោលបំណងបង្កឲ្យមានភាពវីវក់ វឹកវរ អសន្តិសុខសង្គមនិងទុក្ខលំបាកដល់ក្មេងជំនាន់ក្រោយដែលកំពុងរស់ក្នុងសុខសន្ដិភាពនិងភាពសប្បាយរីករាយសព្វថ្ងៃនេះ ឲ្យធ្លាក់ក្នុងរណ្ដៅសោកនាដកម្ម និងស្គាល់ពីទុក្ខលំបាកវេទនាដូចខ្លួនកាលពីអតីតកាលតែប៉ុណ្ណោះ។ ដោយពួកគេបានដឹងច្បាស់ណាស់ថា ពួកគេបានគេចវេះពីទំនួលខុសត្រូវ សំរាប់ខ្លួនជាពលរដ្ឋខ្មែរនិងស្រុកទេសខ្មែរ។

បើពោលឲ្យចំ សូម្បីពួកគេទៅលេងស្រុកកំណើតដើម្បីជួបជុំបងប្អូន ឬមកធ្វើបុណ្យដល់ខ្មោចម៉ៃឪរបស់ខ្លួន ក៏ពួកគេមិនមកធ្វើបុណ្យផង ព្រោះពួកគេបាននិងកំពុងសម្ងំយកសុខរស់នៅក្នុងស្រុកទេសមានសន្ដិភាពនិងពិភពដ៏រីករាយ។

ដូច្នេះបើយើងជាខ្មែរមានគំនិតជាតិនិយម ស្នេហាជាតិ មាតុភូមិ និងប្រជាជាតិខ្លួនពិតប្រាកដ ទោះបីជាត្រូវរសាត់អណ្ដែតទៅដល់ជ្រុងណានៃពិភពលោកក៏ដោយ គួរតែបណ្ដុះគំនិតនិងផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ប្រពៃណី និងទំនៀមទម្លាប់ សុភាពរាបសា មានសីលធម៌ថ្លៃថ្នូរ ដើម្បីឲ្យសក្ដិសមជាជនជាតិខ្មែរដែលមានអរិយធម៌ដ៏ថ្លៃថ្លាឧត្ដុង្គឧត្ដមតាំងពីបរមបុរាណមក ទើបជារឿងប្រពៃ។ បើពោលឲ្យខ្លី ពួកគេមិនចាំបាច់ដល់ថ្នាក់ខំប៉ប៉ាច់ប៉ប៉ោចកងរំពងបង្កើតឃ្លោងឃ្លាជាអ្នកស្នេហាជាតិអីទេ សុំត្រឹមតែកុំបំផ្លើស បំភ្លៃ លាបពណ៌ខ្មែរជាតិឯង នាំឲ្យមានការបែកបាក់គ្នាទៅ គឺជាតិអរគុណពេកក្រៃទៅហោង៕